(ភ្នំពេញ)៖ អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា​ (CMAC) លោក ហេង រតនា ដែលជាអ្នកដឹកនាំប្រតិបត្តិការដោះមីន នៅលើផ្ទៃប្រទេសកម្ពុជាទាំងមូល បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃអង្គារនេះថា អាមេរិកបានទម្លាក់គ្រាប់បែកនៅកម្ពុជា ពីដើមឆ្នាំ១៩៦៣ ដល់ដើមឆ្នាំ១៩៧៥ ហើយទិន្នន័យដែលត្រូវបានឯកភាពដោយ ប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជា ២លាន៨សែនតោន និងគ្រាប់បែកគីមីផងដែរ ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ ក្រោមលេសថា​ តាមកំទេចពួកយៀកកុង​ យួនឈ្លានពាន​ ប៉ុន្តែស្លាប់តែខែ្មរជាង ៥០០,០០០នាក់់ ​សម្លាប់ដោយផ្ទាល់ និងកំទេចតែភូមិ ផ្ទះសម្បែងខែ្មររាប់ម៉ឺន​កន្លែង។

សូមជំរាបថា កាលពីដើមខែមករា ឆ្នាំ២០១៧ ថ្លែងចេញពីខេត្តរតនគីរី នៅក្នុងកម្មវិធី​ចូលរួមចុះពិនិត្យ​លើការបោសសម្អាត​គ្រាប់យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានទទួលស្គាល់នូវទំងន់ជាប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិក​បានទំលាក់​គ្រាប់បែកយ៉ាង​ច្រើនសន្ធឹកសន្ធាប់​មកលើ​ប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមវៀតណាម។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសចូលរួមបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ និងនៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ២០១៧ថ្មីៗនេះ ក្នុងឱកាសចូលរួមក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក (World Economic Forum) នៅ​ទីក្រុង Davos ប្រទេស​ស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជាបានជំពាក់កាលពីសម័យ សាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ ណុល នាអំឡុងឆ្នាំ១៩៧០។ សម្តេចបានហៅបំណុលនេះជាបំណុលកខ្វក់។

វិដេអូឯកសារ