(ស្វាយរៀង)៖ នៅថ្ងៃទី ២៤ ខែមករា ឆ្នាំ២០១៧ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រួមជាមួយមន្រ្តីសាខាកាកបាទក្រហម ខេត្តស្វាយរៀង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅចែកជូនចាស់ជរា គ្មានទីពឹង ស្ត្រីមេមាយក្រីក្រ កុមារកំព្រា ជនពិការ  អ្នករស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ សរុបចំនួន១,៧៥៥គ្រួសារ មកពីភូមិចំនួន២៩ ឃុំទាំង៦ នៃស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលប្រារព្ធធ្វើឡើងនៅក្នុងបរិវេណ អនុវិទ្យាល័យផនសែនទេពធីតា។

ក្នុងពិធីជួបសំណេះសំណាលនោះ លោកស្រី អគ្គលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទោះបីជាសម្តេចមិនបានអញ្ជើញមកដោយផ្ទាល់ក៏ដោយ សម្តេចតែងតែចាត់តំណាង ឲ្យមកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋជានិច្ច ។ ហើយតាមរយៈលោកស្រី អគ្គលេខាធិការ សម្ដេចបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចេះថែរក្សាសុខភាព ដោយរស់នៅត្រូវមានអនាម័យ ហូបស្អាត ផឹកស្អាត គេងក្នុងមុង កុំឲ្យមុសខាំជៀសវាងឆ្លងជំងឺផ្សេងៗ ចំណែកស្ត្រីមានផ្ទៃពោះ ត្រូវទៅពិនិត្យសុខភាពឲ្យបាន ៤ដង មុនពេលសម្រាលកូន និងសូមបងប្អូន ប្រជាពលរដ្ឋ មេត្តាចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ។

ពិសេសក្មួយៗ យុវជន ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន ហើយបងប្អូនដែលរស់នៅជាមួយមេរោគអេដស៍ និងជំងឺអេដស៍ ត្រូវទៅទទួលថ្នាំពន្យាជីវិតឲ្យបានត្រឹមត្រូវ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងកុំយកជំងឺចម្លងទៅអ្នកដទៃ ហើយស្រ្តីមានផ្ទៃពោះដែលមានផ្ទុកមេរោគអេដស៍ សូមទៅពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីកុំឲ្យជំងឺឆ្លងពីម្តាយទៅទារក។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋចំនួន ១,៧៥៥គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម មី ១កេស  ត្រីខ ១០កំប៉ុង  សារុង១ មុង១ ភួយ១ ក្រមា១ និងថវិកា ១ម៉ឺនរៀល៕