(កំពង់ធំ)៖ ស្ត្រីចំណាស់ក្រីក្រលំបាក តោកយ៉ាកម្នាក់ សំពះសូមអង្វរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាឲ្យជួយ អន្តរាគមន៍រកយុត្តិធម៌ ដល់កូនប្រុសរបស់គាត់ផង បន្ទាប់ពីតុលាការខេត្តកំពង់ធំ សម្រេចឃុំខ្លួនដាក់ពន្ធធនាគារយៈពេល១ឆ្នាំ មកហើយ ដោយចោទប្រកាន់ពីបទចាត់ចែក និងជួញដូរគ្រឿងញៀន តែមិនមានភស្ភុតាងទាល់តែសោះ ពោលទាំងថ្នាំញៀន និងពិនិត្យទឹកនោមទៅ ក៏គ្មានសារធាតុញៀននោះទេ។
ស្ត្រីជាម្តាយរបស់ជនជាប់ចោទរូបនោះមានឈ្មោះ ធូ សំភាស់ អាយុ៤៧ឆ្នាំ មុខរបរដើរើសធ្យូង និងកូនប្រុសរបស់គាត់ឈ្មោះ នួន ដួងសារិន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅក្នុងការដ្ឋានរបស់ថៅកែភូមិកញ្ចាប់ ឃុំអាចារ្យលក្ខ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ មានស្រុកកំណើតនៅភូមិផ្សារឆ្នាំង ឃុំផ្សារ ឆ្នាំងស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។
ស្ត្រីជាម្តាយរួបនេះ បានរៀបរាប់ទាំងទឹកភ្នែកថា នៅថ្ងៃត្រូវឃាត់ខ្លួននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ឆ្នាំ ខណៈដែលកូនរបស់គាត់ កំពុងតែហូបបាយស្រាប់តែ មានកម្លាំងនគរបាលខេត្តកំពង់ធំ ជាច្រើននាក់ បានមកចាប់ យកទៅឆ្លើយបំភ្លឺ ដោយយោងតាមគេ ឆ្លើយដាក់ថា កូនរបស់គាត់ បានប្រើប្រាស់គ្រឿងញៀន។ ស្រ្តីរូបនេះបានបញ្ជាក់ថា «ខ្ញុំហ៊ានធានាដាក់ជីវិត កូនប្រុស នាងខ្ញុំ ពិតជាស្អាតស្អំមិនដូចការចោទប្រកាន់នោះឡើយ»។
ស្ត្រីដដែលបានបន្តទៀតថា នៅពេលកម្លាំងនគរបាលឃាត់ខ្លួននោះ កម្លាំងនគរបាលឆែកឆេរទៅរកមិនឃើញថ្នាំញៀនោះទេ ហើយថែមទាំងពិនិត្យទឹកនោមទៀត ក៏មិនឃើញសញ្ញាថាធ្លាប់ប្រើគ្រឿងញៀននោះទេ។
បើតាមស្រ្តីជាម្តាយ កម្លាំងនគរបាលបានធ្វើទារុណកម្ម មកលើកូននាងយ៉ាងព្រៃផ្សៃ ដោយបង្ខំឱ្យសារភាព ខណៈកូនរបស់គាត់ មិនបានប្រើប្រាស់ថ្នាំញៀនអីបន្តិចសោះឡើយ។ ដោយសារតែការធ្វើការទារុណកម្មយ៉ាងខ្លាំងនេះ កូនរបស់គាត់ ក៏បានបង្ខំចិត្ត សារភាពថាបានប្រើប្រាស់ថ្នាំញៀនចំនួន២ដង ទាំងខ្លួនមិនបានប្រព្រឹត្ត ដើម្បីរួចផុតពីកាធ្វើទារុណកម្ម ដ៏ព្រៃផ្សៃមួយនេះ។
ប៉ុន្តែក្នុងរបាយការណ៍របស់សមត្ថកិច្ច បែរជាដាក់ថា កូននាងខ្ញុំបានប្រើប្រាស់គ្រឿងញៀនចំនួន១២ដង និងចោទពីបទចាត់ចែង ចែកចាយ លក់គ្រឿងញៀន ទៅវិញពិតជាអយុត្តិធម៌ណាស់ សំរាប់ជនក្រីក្រ និងស្លូតត្រង់ដូចគ្រួសាររបស់នាងខ្ញុំណាស់។
យ៉ាងណាក៏ដោយអង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយពីមន្រ្តីសាលាដំបូងខេត្តកំពង់ធំ ជុំវិញការចោទ ប្រកាន់នេះនៅឡើយទេ៕