(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពរបស់លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីមន្រ្តីរាជការ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរជាច្រើនរូបទៀត។
លោក អ៊ុន ចាន់ដា បានថ្លែងក្នុងពិធីនោះថា សន្និបាតនៅថ្ងៃនេះ មានសារៈសំខាន់ណាស់ ព្រោះបានឆ្លុះបញ្ចាំងឲ្យឃើញពីសមិទ្ធិផលនានា និងសកម្មភាពការងារដែលបានអនុវត្តន៍ក្នុងឆ្នាំ២០១៦ ហើយក៏ជាថ្ងៃនេះដាក់ទិសដៅការ ងារសម្រាប់ឆ្នាំ២០១៧។
លោក ក៏បានយកឱកាសនោះ ថ្លែងអរគុណចំពោះមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ នៅតាមអង្គភាព និងមន្ទីរនានាជុំវិញខេត្ត ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត រួបរួមសាមគ្គីគ្នា ធ្វើឲ្យលទ្ធផលការងារទូទាំងខេត្តទទួលបានលទ្ធផលល្អ។ តែលោក ក៏បានស្នើឲ្យមន្រ្តី កងកម្លាំងប្រដាប់អាវុធខិតខំបន្ថែមទៀត ដើម្បីកែលំអរចំណុចខ្វះខាត និង ធ្វើឲ្យកាន់តែប្រសើរសម្រាប់ឆ្នាំ២០១៧។
លោកអភិបាលខេត្តព្រះវិហារ បានគូសបញ្ជាក់ថា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្ត បានដាក់ចេញទិសដៅអនុវត្តបន្តរួមមាន៖ អនុវត្តន៍វិធានការក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ តាមសារាចរណ៍ណែនាំ របស់រាជរដ្ឋាភិបាល។ បន្តអនុវត្តន៍ផែនការស្តីពីយុទ្ធនាករប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១រយៈពេល៦ខែ ចាប់ពីថ្ងៃទី០១ មករា ដល់ថ្ងៃ៣០ខែមិថុនា ឆ្នាំ២០១៧ ឲ្យមានប្រសិទ្ធភាពខ្ពស់។
លោកអភិបាលខេត្ត ក៏បានណែនាំឲ្យសមត្ថកិច្ចពាក់ព័ន្ធជំរុញកិច្ចការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពល រដ្ឋ ហើយត្រូវបន្តកិច្ចសហប្រតិបត្តិការល្អ ជាមួយកម្លាំងជាប់ព្រំដែនកម្ពុជា-ថៃ និង កម្ពុជា-ឡាវ។
ការពង្រឹងការអនុវត្តច្បាប់ និងលើកកម្ពស់សមត្ថភាពដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ក្នុងការបំពេញតួនាទីភារកិច្ចស្នូលប្រកបដោយការទទួលខុសត្រូវ និងមនសិការវិជ្ជាជីវខ្ពស់ ដើម្បីផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ។ ការទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗ ដូចជាបទល្មើសព្រៃឈើ សត្វព្រៃ មច្ឆាជាតិ វត្ថុបូរាណគ្រឿងញផននុងការជួញដូរមនុស្ស និងបញ្ហាមួយចំនួនទៀត។ នេះសុទ្ធតែជាទិសដៅរបស់ខេត្តព្រះវិហារ ដែលត្រូវអនុវត្តន៍បន្តក្នុងឆ្នាំ២០១៧នេះ។
លោកអភិបាលខេត្ត អ៊ុន ចាន់ដា ក៏បានមានប្រសាសន៍ឲ្យមន្ត្រីរាជការកងកម្លាំងទាំងអស់ ក្នុងខេត្តត្រូវរួមសាមគ្គីគ្នាធ្វើការក្នុងទិសដៅបម្រើសង្គមជាតិ បម្រើប្រជាពលរដ្ឋឲ្យទទួលបានលទ្ធផលល្អ លើសពីឆ្នាំ២០១៦កន្លងទៅនេះ៕