(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានចេញសេចក្តីជូនដំណឹងដោយហាមមិនឱ្យប្រជាពលរដ្ឋ ដុតគ្រឿងផ្ទុះ លេងល្បែងស៊ីសង ឬដង្ហែក្បួនសាសនា ប្រពៃណីផ្សេងៗ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ខាងមុខនេះឡើយ។
សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧នេះ សាលារាជធានីភ្នំពេញ សូមណែនាំដល់អង្គភាព សមាគម ក្រុមហ៊ុន ឯកជន អង្គការក្រៅរដ្ឋាភិបាល និងសាធារណៈជនក្នុងរាជធានីភ្នំពេញនូវចំណុចសំខាន់ៗមួយចំនួន។
ចំណុចសំខាន់ដែលសាលារាជធានីភ្នំពេញ ណែនាំដល់សាធារណៈជនទូទាំងប្រទេស បានដឹងរួមមានការ ហាមឃាត់ មិនឲ្យមានការដុតផាវ កាំជ្រួច ឬសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន និងវៀតណាម, មិនឲ្យលេងល្បែងគ្រប់ប្រភេទ ដែលមានលក្ខណៈស៊ីសង, និងហាមឃាត់រាល់ការដង្ហែក្បួនផ្សេងៗទាំងបែបសាសនា និងប្រពៃណីដែលគ្មានការអនុញ្ញាតជាដើម។
ជាមួយគ្នានោះដែរ សាលារាជធានីភ្នំពេញ ក៏បានដាក់ចេញនូវផែនការទប់ស្កាត់ និងការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមគោលដៅមួយចំនួនទៀត ដើម្បីរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋផងដែរ៕
សូមអានសេចក្តីណែនាំរបស់សាលារាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោមនេះ៖