(រតនគិរី)៖ លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានស្នើឲ្យគ្រូពេទ្យទាំងអស់ ប្រើពាក្យសំដីសុភាពរាបសារ ទន់ភ្លន់ និងមានសុជីវធម៌ជាមួយអ្នកជំងឺ។ ជំនួសមុខឲ្យលោក ថង សាវុន អភិបាលខេត្ត លោក លន់ សុភាព សូមកោតសរសើរចំពោះវិស័យ សុខាភិបាលមានការរីកចំរើន ព្រមទាំងកាត់បន្ថយការគ្រោះថ្នាក់អាយុជីវិត អ្នកជំងឺក្រៅពីផ្តល់សេវា នៅកន្លែងនៅមានផ្តល់សេវា ចល័តតាមភូមិ-ឃុំដាច់ស្រយាលផងដែរ។

លោក លន់ សុភាព បន្តថា បើទោះបីកន្លងមក មានបញ្ហាអសកម្មខ្លះខាងមន្ទីរ អាជ្ញាធរខេត្តអាចដោះស្រាយបាន ប៉ុន្តែបែរជាមិន ចូលរួមហើយបញ្ជូនឲ្យទៅថ្នាក់លើ។ ជាងនេះទៅទៀតតាមមណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ត្រូវមានក្រុមគ្រូពេទ្យប្រចាំការ ជៀសវាងយកម៉ោងធ្វើការរដ្ឋទៅបំរើផលប្រយោន៍ឯកជន។

លោក លន់ សុភាព អភិបាលរងខេត្ត បានលើកឡើងបែបនេះខណៈ លោកចូលរួមក្នុងកម្មវិធីបើកទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ត្រ និងការផ្សព្វផ្សាយច្បាប់ស្តីពី «ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល» នាសាលប្រជុំមន្ទីរសុខាភិបាលខេត្តរតនគិរី នៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោកសាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុម ប្រឹក្សាគណៈគ្រូពេទ្យជាតិ ព្រមទាំងលោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត តំណាងស្នងការនគរបាលខេត្ត គណៈគ្រូពេទ្យមកពីខេត្តក្រចេះ  ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តកំពតជាច្រើននាក់ទៀត។

លោកថា «មានបញ្ហាប្រឈមដូចជាវិជ្ជាជីវៈមិនច្បាស់ ការយល់ដឹងមិនច្បាស់ ការគ្រប់គ្រងមាំទាំង ហើយគ្រូពេទ្យប្រើពាក្យ សំដីសមរម្យ គោរពគ្នាឯង កុំហែកហួរគ្នាឯង ការខ្វះខាតហួសហេតុ (មើលគេឲ្យដូចខ្លួនឯង) គិតត្រូវរស់គិតខុសស្លាប់ ហើយសារជាតិជាមនុស្សទទួលស្គាល់ថា មានខុសឆ្គង អត់អង្វរទេ ប៉ុន្តែត្រូវគោរពច្បាប់ទាំងអស់គ្នា»

នៅក្នុងពិធីដដែលនោះដែរ លោកសាស្ត្រាចារ្យ ធា គ្រុយ បញ្ជាក់ឲ្យដឹងថា ឱសថការី ទន្តពេទ្យត្រូវមានអាជ្ញាប័ណ្ណ(គណៈគ្រូពេទ្យ) ទើបអាចទទួលព្យាបាល អ្នកជំងឺបាន ហើយគ្រូពេទ្យមិនបាច់ផ្អែមល្ហែមទេ តែម៉ត់ចត់រឹងមាំ យកចិត្តទុកដាក់ ទទួលខុសត្រូវជំនាញ សីលធម៌ ហើយត្រូវយល់ពីការលំបាក ជួនកាលគ្រោះថ្នាក់អាចកើតមាន ប្រុងប្រយ័ត្នបំផុត បើមានបញ្ហាក៏តិចតួចដែរ៕