(ភ្នំពេញ)៖ ជាថ្មីម្តងទៀតនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាចង់ឃើញការ ដោះស្រាយមួយក្នុងពេលវេលាសមស្រប និងរាល់ទិដ្ឋភាពណាមួយ ដែលកម្ពុជា និងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក ទទួលបានជោគជ័យ ចាកចេញពីទំព័រប្រវត្តិសាស្ត្រ នៃសង្គ្រាមដ៏ជូរចត់ពិបាកទទួលយកបានពីភាគីទាំងពីរ។
អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាតាំងពីដើមឆ្នាំ១៩៦៣ ដល់ឆ្នាំដើមឆ្នាំ១៩៧៥ ហើយទិន្នន័យ ដែលត្រូវបានឯកភាពដោយប្រធានាធិបតី Bill Clinton នៅឆ្នាំ២០០០ បញ្ចេញជាឯកសារចំហរ បានទទួលស្គាល់ថា អាមេរិកទម្លាក់គ្រាប់បែកនៅកម្ពុជាជិត ២លាន ៨សែនតោន ដោយគិតរយៈពេលចាប់ពីថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៦៥ ដល់១៩៧៣ប៉ុណ្ណោះ។ គ្រាប់បែកនោះមានដូចជា គ្រាប់បែកធម្មតា គ្រាប់បែកមានកូនគ្រាប់បែកចង្កោម និងគ្រាប់បែកគីមី នៅជាង១១ម៉ឺនទីតាំង និងមានការហោះហើរទម្លាក់គ្រាប់ជិត២៥ម៉ឺនជើង។
លោក ផៃ ស៊ីផាន បានបន្តបញ្ជាក់យ៉ាងដូច្នេះថា៖ «អ្នកសល់ជីវិតពីសង្គ្រាម ជាប់បន្ទុកធ្ងន់ធរបន្ថែមទៀត នៃការសងបំណុលចូលរួមសង្គ្រាមឥណ្ឌូចិន បម្រើគោល នយោបាយបរទេសអាមេរិកាំង ជំនាន់ឆ្នាំ១៩៧០ ដល់១៩៧៥។ ការពិសោធន៍ដ៏អាក្រក់របស់មនុស្សជាតិ រួមទាំងការទទួលស្គាល់ផងដែរ របស់ប្រធានាធិបតី សហរដ្ឋអាមេរិកទី៤៥ ដូណាល់ ត្រាំ ចំពោះគោលនយោបាយបរទេស របស់សហរដ្ឋអាមេរិក ក្នុងការជ្រៀតជ្រែកដែលធ្វើឲ្យបាត់បង់ស្ថេរភាព និងសន្តិភាពរបស់ប្រជាជាតិដទៃ ហើយលោកសន្យាប្រាប់ពិភពលោកថា នឹងបញ្ឈប់គោលនយោបាយនេះ»។
លោក ផៃ ស៊ីផាន បានបន្តថា៖ «ការលុបបំណុលនេះ គឺជាផ្នែកសីលធម៌មួយរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា ដែលបានលើកឡើងដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយក៏ជាការផ្សះផ្សារផ្លូវចិត្តដល់ជនរងគ្រោះដោយសង្គ្រាម និងក៏ជាដំណើរការមនុស្សធម៌ ពង្រឹងបន្ថែមនូវទំនុកចិត្តទំនាក់ទំនងល្អ រួមជាមួយសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជា»។
សូមជំរាបថា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ ថ្លែងចេញពីខេត្តរតនគីរី នៅក្នុងកម្មវិធីចូលរួមចុះពិនិត្យលើការបោសសម្អាតគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក William A. Heidt បានទទួលស្គាល់នូវទំងន់ជាប្រវត្តិសាស្ត្រ ដែលសហរដ្ឋអាមេរិក បានទំលាក់គ្រាប់បែកយ៉ាងច្រើនសន្ធឹកសន្ធាប់មកលើប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមវៀតណាម។
ការបញ្ជាក់បែបនេះរបស់ឯកអគ្គរដ្ឋទូតអាមេរិក ខណៈលោកចូលរួមជាចុះពិនិត្យលើការបោសសម្អាត គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅថ្ងៃព្រហស្បត្តិ៍នេះនៅកន្លែងកំពុង ធ្វើប្រតិបត្តិការ ផ្ទាល់របស់អង្គការ NPA ស្ថិតក្នុងភូមិ៣ (វាលឆ្កែហត់) ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី។
កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ក្នុងឱកាសចូលរួមបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ និងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ថ្មីៗនេះ ក្នុងឱកាសចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (World Economic Forum) នៅទីក្រុង Davos ប្រទេសស្វីស សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យលោក ដូណាល់ ត្រាំ ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក ពិចារណាលើការលុបបំណុល ដែលប្រទេសកម្ពុជា បានជំពាក់កាលពីសម័យសាធារណរដ្ឋរបស់ លោកសេនាប្រមុខ លន់ នល់ នាអំឡុងឆ្នាំ១៩៧០។
ដោយសម្តេចតេជោ បានចាត់ទុកថា អាមេរិកគឺជាអ្នកជំរុញឱ្យ មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ នៅក្នុងប្រទេសកម្ពុជា ដែលរដ្ឋប្រហារនេះ បានបង្កើតសង្រ្គាមនៅក្នុងប្រទេសកម្ពុជា និងបង្កើតខ្មែរក្រហម ទើបមានវិនាសកម្មធ្ងន់ធ្ងរ ដល់ប្រទេសកម្ពុជា ដូច្នេះសហរដ្ឋអាមេរិក ត្រូវតែប៉ះប៉ូវសងដល់កម្ពុជាវិញ តាមរយៈការលុបបំណុល សម្រាប់សងដល់វិនាសកម្មនេះ៕
សូមស្ដាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីបញ្ហាបំណុលជំពាក់អាមេរិក កាលពីថ្ងៃទី២០ ខែមករា នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក និងប្រសាសន៍របស់សម្តេចថ្លែងនៅក្នុងពិធីបុណ្យសមុទ្រ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦៖