(សៀមរាប)៖ កិច្ចប្រជុំគណៈកម្មាធិការ អន្តរជាតិ ដើម្បីសម្របសម្រួល កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋាន ប្រវត្តិសាស្រ្តអង្គរ ហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) ដែលជាកិច្ចប្រជុំបច្ចេកទេស លើកទី២៧ និងកិច្ចប្រជុំពេញអង្គលើកទី២៣ បានចាប់ផ្តើមដំណើរការហើយ នៅព្រឹកថ្ងៃទី២៤ មករា ឆ្នាំ២០១៧នេះ។
កិច្ចប្រជុំនេះ នឹងដំណើរការរយៈពេលពេញ២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ មករា ឆ្នាំ២០១៧ ដែលធ្វើឡើងនៅស្នាក់ការ អាជ្ញាធរជាតិអប្សរា។
នៅព្រឹកថ្ងៃទី២៤ មករានេះ កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ បានដំណើរការហើយ ដែលកិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធានរួមមាន ប្រទេសជប៉ុន និងប្រទេសបារាំង។
អ្នកចូលរួមក្នុងកិច្ចប្រជុំនេះ មានតំណាងមកពីបណ្តាស្ថានទូត អ្នកជំនាញការ មន្រ្តីបុគ្គលិកបច្ចេកទេសនានា ដែលពាក់ព័ន្ធនឹងវិស័យ វប្បធម៌។ ក្នុងពិធីបើកនៅព្រឹកនេះ គឺមានការធ្វើបទបង្ហាញខ្លីៗ ពីគម្រោងអភិរក្ស និងជួសជុលនានា ដែលកំពុងដំណើរការក្នុងតំបន់ រមណីយដ្ឋានអង្គរ។
គួរបញ្ជាក់ដែរថា កិច្ចប្រជុំអាយស៊ីស៊ី-អង្គរ គឺជាទូទៅធ្វើឡើងដើម្បីបូកសរុបពីលទ្ធផលការងារដែលបានអភិរក្ស និងជួសជុលក្នុង រមណីដ្ឋានអង្គរនាពេលកន្លងមក។ ក្នុងនោះដែរ កិច្ចប្រជុំនេះក៏ដើម្បីពិនិត្យ និងតាមដានរាល់អនុសាសន៍នានា ដែលគណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ បានដាក់ជូនក្នុងកិច្ចប្រជុំ របស់ខ្លួននាពេលកន្លងមក៕