(កំពង់ធំ)៖ ក្រោមការណែនាំពីសំណាក់លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល ក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាន និងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ដើម្បីចូលរួមចំណែកលើការការពារ សុវត្ថិភាពចំណីអាហារ ដល់ប្រជាពលរដ្ឋ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារកំពង់ធំ ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាលទ្ធផលរកឃើញប៊ឺខូចគុណភាពចំនួន២៨ដុំ។

មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា «ដោយគិតពីសុវត្ថិភាពម្ហូបអាហារ សុខភាពប្រជាពលរដ្ឋ និងនៅពេលខាងមុខនេះ ជារដូវចូលឆ្នាំចិនផងនោះ មន្រ្តីកាំកុងត្រូលខេត្ត បានយកចិត្តទុក្ខដាក់ បានពិនិត្យតាមផ្ទះ និងតាមផ្សារកំពង់ធំ និយាយរួម គឺកណ្តាលទីរួមខេត្តកំពង់ធំតែម្តង ហើយជាលទ្ធផល យើងបានរកឃើញប៊ឺរចំនួន២៨ដុំ ខូចគុណភាព។ យើងបានធ្វើកំណត់ហេតុ ដកហូតយកទៅដុតកម្ទេចចោលផងដែរ»

មន្រ្តីកាំកុងត្រូល បានបន្តទៀតថា លទ្ធផលពិនិត្យនៃការត្រួតពិនិត្យប៊ឺរទាំង២៨ដុំ រួមមានម៉ាក Mei Zan ទម្ងន់២០០ក្រាម ចំនួន១០ដុំ និងទម្ងន់៨០ក្រាម ចំនួន១៨ដុំ។ ក្រុមការងារក៏បានពិនិត្យទំនិញ នៅលើទីផ្សារកំពង់ធំទាំងមូល ពិសេសផ្តោតទៅលើបង្គារ និងមឹក ដែលមានពាក្យចរចាមអារាម មានចាក់ចាហួយ នៅក្នុងបង្គារ ឃើញថា លទ្ធផល បង្គារ មឹក មិនមានសារធាតុគីមីណាមួយ ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋឡើយ។
 
ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏ បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ ដឹងអំពីផលវិបាកដែលបណ្តាលមកពី ការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់និងការដាក់លាយបន្ថែម សារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។

មន្រ្តីកាំកុងត្រូលសាខាខេត្តកំពង់ធំ បានបន្តថា ការធ្វើបែបនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកាត់បន្ថយផលប៉ះពាល់ ដល់អ្នកប្រើប្រាស់ និងប្រជាពលរដ្ឋយើង៕