(ភ្នំពេញ)៖ អគារខ្ពស់៤២ជាន់ «Golden Tower 42th» នឹងដំណើរការក្នុងពេលឆាប់ៗនេះ ក្រោយផ្អាកការសាងសង់ជាបណ្តោះអាសន្ន ដោយសារវិបត្តិសេដ្ឋកិច្ចកាលពីឆ្នាំ២០០៨ ដែលបណ្តាលឲ្យវិស័យសំណង់នៅក្នុងប្រទេស ក៏ដូចជានៅក្រៅប្រទេសជួបប្រទះនឹងស្ថានភាពជាប់គាំងមិនដំណើរការ។
សំណង់អគារខ្ពស់ទី១នេះ ត្រូវបានផ្អាកដំណើរការសាងសង់របស់ខ្លួនទាំងស្រុង បន្ទាប់ពីទទួលរងនូវវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ ថ្វីត្បិតតែវិបត្តិហិរញ្ញវត្ថុសកលលោក បានអូសបន្លាយអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏ក្រុមហ៊ុន Yon Woo (Cambodia) Co., Ltd មិនបានចាកចេញពីរិស័យសំណង់នេះឡើយ។ ក្រុមហ៊ុននៅតែមានក្តីជឿជាក់យ៉ាងមុតមាំថា វិស័យសំណង់ក្នុងប្រទេសកម្ពុជា នឹងមានសន្ទុះងើបឡើងវិញ ក្រោមការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
តំណាងក្រុមហ៊ុន Yon Woo (Caផmbodia) Co., Ltd បានប្រាប់ក្រុមអ្នកកាសែត នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះថា «ក្រុមហ៊ុននៅតែបន្តខិតខំស្វែងរកគ្រប់មធ្យោបាយ ដោះស្រាយរាល់បញ្ហា ប្រឈមមុខទាំងអស់ ដើម្បីអាចសម្រេ តាមបំណងប្រាថ្នាក៏ដូចជា ពាក្យសន្យាដែលខ្លួនបានសន្យាជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា នាពេលកន្លងមក»។
សំណង់អគារខ្ពស់ទី១នេះមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ កែងនឹងមហាវិថីព្រះមុនីវង្សស្ថិតក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ម្ចាស់ក្រុមហ៊ុន Yon Woo ក៏បានស្នើសុំឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់មេត្តាអធ្យាស្រ័យ និងផ្តល់ឱកាសឲ្យក្រុមហ៊ុនក្នុងការបន្តការសាងសង់ ដើម្បីសម្រេចបានតាមបំណងប្រាថ្នា ក៏ដូចជាពាក្យសន្យារបស់ខ្លួនឡើងវិញម្តងទៀត៕