(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំដល់មន្រ្តីពាក់ព័ន្ធ ក្នុងមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ត្រូវប្រឹងប្រែងស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះ ប្រកបដោយជំនាញច្បាស់លាស់ មុនបញ្ជូនពួកគាត់ទៅឲ្យគ្រួសារវិញ។
ការណែនាំដូចនេះ ត្រូវបានធ្វើឡើងក្នុងឱកាសនាយឧត្តមសេនីយ៍ ចុះពិនិត្យដំណើរការមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅភូមិធ្លក សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រួមជាមួយលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងតំណាងក្រសួងស្ថាប័ន-អង្គភាពជំនាញពាក់ព័ន្ធ នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានណែនាំថា «អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែទាំព្យាបាល និងស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះ ដើម្បីធ្វើសមាហរណកម្មពួកគាត់ មុនបញ្ជួនទៅក្នុងសហគមន៍គ្រួសារវិញ មានជំនាញសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិតបាន ចៀសវាងគាត់ទំនេរត្រលប់ទៅប្រើគ្រឿងញៀនវិញ»។
ប្រធានមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន លោក វ៉ិត វ៉ាល់ដា បានឲ្យដឹងថា បច្ចុប្បន្នមណ្ឌលជាតិនេះ មានជនរងគ្រោះស្នាក់នៅ និងព្យាបាលចំនួន៨៦នាក់ (ស្រី៣នាក់)។
ជាមួយគ្នានេះ លោកនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បាននាំយកនូវអំណោយឧបត្ថម្ភជូនមណ្ឌលមួយចំនួនផងដែរ រួមមាន អង្ករ៥០០គីឡូក្រាម មី៣០កេស ទឹកសុទ្ធ១០០កេស និងថវិកា២លានរៀល៕