(ភ្នំពេញ)៖ លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ មករា ឆ្នាំ២០១៧នេះ បានសម្រេចចោទប្រកាន់បុរសម្នាក់ជាផ្លូវការពីបទរំលោភលើទំនុកចិត្ត។ បុរសរូបនោះឈ្មោះ ឡុង គឹម ហេន មានវ័យ៣៧ឆ្នាំ។
ព័ត៌មានពីសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា បុរសជាប់ពន្ធបទល្មើសខាងលើនេះ ត្រូវបានម្ចាស់ក្រុមហ៊ុនមួយ នាំខ្លួនទៅប្រគល់ឲ្យសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីដោះស្រាយ លើបណ្តឹងរំលោភទំនុកចិត្ត ដែលពាក់ព័ន្ធនិងទឹកប្រាក់ជិត១ម៉ឺនដុល្លារអាមេរិកទេ។
ព័ត៌មានដដែលបានបន្តថា ការដោះស្រាយក្រៅប្រពន្ធច្បាប់ ទំនងមិនត្រូវរ៉ូវគ្នា បានជាសមត្តកិច្ចកងរាជអាវុធហត្ថ បញ្ជូនទៅស្ថាប័យអយ្យការ ចាត់ការតាមនិតិវិធី។ បុរសជាប់សង្ស័យត្រូវបានតំណាងអយ្យការ ផ្ញើទៅសមត្ថកិច្ចវិញ និងតម្រូវឲ្យនាំទៅខាងចៅក្រមស៊ើបសួរនៅថ្ងៃដដែលនេះ ដើម្បីឲ្យចៅក្រមសម្រេចឃុំខ្លួន ឬមិនឃុំខ្លួនជាឆន្ទានុសិទ្ធិរបស់ចៅក្រម៕