(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្រ្តីការបរទេសកម្ពុជា-ឡាវ បន្តពង្រឹងកិច្ចសហប្រតិបត្តិការការងារ រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ហើយជំរុញការងារនៅសេសសល់ឲ្យសម្រេចបានជោគជ័យ។
ការថ្លែងជំរុញរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើងនាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្នុងពេលដែលសម្តេចអនុញ្ញាតឲ្យ លោក សាលើមសៃ គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ។
ក្នុងជំនួបនាព្រឹកមិញ ក្រៅពីការណែនាំឲ្យពង្រឹងការងារកិច្ចសហប្រតិបត្តិការ និង ជំរុញដោះស្រាយបញ្ហានៅសេសសល់ឲ្យទទួលបានជោគជ័យហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញបង្ហាញការអប់អរសាទរផងដែរ ចំពោះការរីកចម្រើននូវចំណងទំនាក់ទំនងជាប្រពៃណី ជាពិសេសការបើកដាក់ឲ្យដំណើរការច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ។
បន្ថែមពីលើអ្វី ដែលសម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានណែនាំ លោក សាលើមសៃ គុំម៉ាស៊ីត ក៏បានបង្ហាញការប្តេជ្ញាប្រឹងប្រែងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងឡាវ ឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។ លោករដ្ឋមន្រ្តីការបរទេសឡាវ ក៏បាន នាំយកនូវការផ្តាំផ្ញោះសួរសុខទុក្ខពីនាយករដ្ឋមន្ត្រីឡាវ លោក ថងលូន ស៊ីសូលីត ជួនចំពោះសម្ដេចតេជោ ហ៊ុន សែន ផងដែរ។
ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ លោករដ្ឋមន្រ្តីការបរទេសឡាវ ក៏បានថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញសម្ពោធច្រកទ្វារអន្តរជាតិត្រពាំងក្រៀល-ណងណុកខៀន និងបានអរគុណសម្ដេចតេជោ ដែលបានជួយគាំទ្រដល់ការរៀបចំកិច្ចប្រជុំអាស៊ានកន្លងមកឲ្យទទួលបានជោគជ័យ។
សូមបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសឡាវ លោក សាលើមសៃ គុំម៉ាស៊ីត បានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។ ក្នុងដំណើរទស្សនកិច្ច៣ថ្ងៃនេះ ចាប់ពីថ្ងៃទី២៣-២៥ ខែមករានេះ លោក សាលើមសៃ គុំ ម៉ាស៊ីត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី
នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ លោករដ្ឋមន្រ្តីការបរទេសឡាវ នឹងអញ្ជើញជួបសំណេះសំណាលការងារជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា។
សម្រាប់ថ្ងៃទី២៥ ខែមករា ស្អែកវិញ លោក សាលើមសៃ គុំ ម៉ាស៊ីត នឹងចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែនកម្ពុជា-ឡាវ ជាមួយទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង ហើយនៅចុងបញ្ចប់នៃកិច្ចប្រជុំភាគីទាំងពីរ នឹងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ។
ចុងបញ្ចប់នៃដំណើរទស្សនកិច្ចនេះ លោក សាលើមសៃ គុំម៉ាស៊ីត ក៏នឹងអញ្ជើញទស្សនាសារមន្ទីរជាតិ៕