(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបង្ហោះសារមុននេះបន្តិចថា ថ្ងៃនេះលោកបានណែនាំទៅដល់ពិធីករ ពិធីការិនីណា ដែលមើលងាយសាធារណជន មិនត្រូវមានមុខ មានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ។ លោករដ្ឋមន្រ្តីបានបន្ថែមទៀតថា បើស្ថានីយឯកជនណា ដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះទៀត គឺជាការប្រសើរ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់នៅលើបណ្តាញសង្គម Facebook របស់លោកយ៉ាងដូច្នេះថា «ថ្ងៃនេះ ខ្ញុំបានណែនាំថា ពិធីករ ពិធីការិនីណា ដែលឡឺតរហូតមើលងាយសាធារណជន មិនត្រូវមានមុខ មានសំលេងនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋទេ ហើយបើស្ថានីយឯកជនណាដែលចង់រក្សាតម្លៃវិជ្ជាជីវៈរបស់ខ្លួន អនុម័តជំហរនេះទៀត គឺជាការប្រសើរ»។
បន្ថែមពីលើនេះ លោក ខៀវ កាញារីទ្ធ ធ្លាប់បានលើកឡើងដែរថា ចំពោះការបណ្តុះបណ្តាលពិធីករ ពិធីការិនីវិទ្យុ ទូរទស្សន៍ មិនមែនជាការងាយស្រួលទេ ត្រូវមានទាំងសីលធម៌ មានទាំងចំណេះដឹង៕