(ភ្នំពេញ)៖ ពិធីបើកសន្និបាតបូកសរុបលទ្ឋផលការងារឆ្នាំ២០១៦ និងទិសដៅការងារ ឆ្នាំ២០១៧ របស់សាលារាជធានីភ្នំពេញ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងមានការចូលរួម ពីប្រធានតុលាការរាជធានី ព្រះរាជអាជ្ញា ស្នងការ មេបញ្ជាការ អធិការខណ្ឌ~មេបញ្ជាការខណ្ឌទាំង១២ អភិបាលខណ្ឌ~រង ទាំង១២ និងចៅសង្កាត់ទាំង៩៦។
នៅក្នុងឆ្នាំ២០១៧នេះ រដ្ឋបាលសាលារាជធានីភ្នំពេញ រួមនឹងផ្នែកពាក់ព័ន្ធនៃមន្ទីរជំនាញ មានទិសដៅអភិវឌ្ឍរួមគ្នា ជាអាទិភាពចំនួន៤ ត្រូវអនុវត្តបន្ត ដើម្បីអភិវឌ្ឍរាជធានីភ្នំពេញ ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ក្នុងនោះរួមមាន ៖១~ការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព, ២~ការងាររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ និងតាមទីផ្សារ, ៣~ការផ្តល់សេវាសាធារណៈ តាមរយៈច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ, ៤~ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋ និងការទប់ស្កាត់សំណង់ខុសច្បាប់។
លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ក្នុងឆ្នាំ២០១៦ ក្រោមការដឹកនាំផ្ទាល់របស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សាលារាជធានីភ្នំពេញ បានបន្តខិតខំជម្នះ ពុះពាររាល់ការលំបាកស្មុគស្មាញ និងអនុវត្តគ្រប់វិធានការ ពិសេសការចាត់តាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព បានកាន់តែល្អធានាបានសភាពការណ៍ សន្តិសុខទូទៅក្នុងរាជធានី ក្នុងនោះគួរឲ្យកត់សម្គាល់សកម្មភាពបង្កចលាចលនយោបាយ និងអំពើភេរវកម្មត្រូវបានទប់ស្កាត់មិនឲ្យកើតមាន អំពើប្លន់ប្រដាប់អាវុធក្មេងទំនើង និងគ្រឿងញៀន ត្រូវបានយកចិត្តទុកដាក់បង្ក្រាបបានជាបន្តបន្ទាប់ ផ្តល់នូវភាពកក់ក្តៅដល់ប្រជាជន វិនិយោគិន និងភ្ញៀវទេសចរ។
សភាពការណ៍ខាងលើនេះ បានផ្តល់នូវភាពអនុគ្រោះដល់ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលឲ្យទទួលបានជោគជ័យ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ លូ ស្ពាន សួនច្បារ សំណង់អគារខ្ពស់ៗ ទីក្រុងរណប និងការងើបឡើងវិញនៃទីផ្សារអចលនទ្រព្យនៅក្នុងរាជធានីភ្នំពេញ ដោយរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។
លោកប៉ា សុជាតិវង្ស បានបន្ថែមថា ទន្ទឹមនឹងលទ្ធផលដែលសម្រេចបានជាវិជ្ជមានខាងលើ ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលត្រូវប្រមូលផ្តុំដោះស្រាយឲ្យបានល្អនាពេលខាងមុខ ដូចជា បញ្ហាសន្តិសុខភាព និងសណ្តាប់ធ្នាប់សង្គម ពិសេសករណីប្លន់ប្រដាប់អាវុធ ក្មេងទំនើង និងគ្រឿងញៀននៅតែជាចំណុចក្តៅរបស់រាជធានីភ្នំពេញ។
បញ្ហាចរាចរណ៍ និងសណ្តាប់ធ្នាក់តាមដងផ្លូវនៅតែជាបញ្ហាចោទ អាស្រ័យដោយកំណើនយ៉ាងឆាប់រហ័សនៃមធ្យោបាយយានយន្ត និងប្រជាជន។ បញ្ហាគ្រោះអគ្គិភ័យ នៅតែជាកង្វល់ដ៏ធំរបស់សមត្ថកិច្ចគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ។
លោកបន្តថា ប្រព័ន្ធដឹកជញ្ជូននិងប្រព័ន្ធផ្លូវ ក្នុងរាជធានីភ្នំពេញមិនទាន់បានឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ ខ្វះប្រព័ន្ធបណ្តាញអគ្គិសនី និងបណ្តាញទឹកស្អាតសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់នៅតាមបណ្តាសង្កាត់ជាយរាជធានីភ្នំពេញ។
ជាចុងបញ្ចប់អង្គសន្និបាតសូមស្នើដល់ សមាជិកសមាជិកា នៃអង្គសន្និបាទទាំងមូល មានការយកចិត្តទុកដាក់ តាមកម្មវិធីនៃអង្គសន្និបាទ សុំយកអស់បញ្ញាញាណស្មារតី ចែករំលែក មេរៀនបទពិសោធន៍ ដែលបានអនុវត្តកន្លងអោយបានផុសផុល ក្នុងន័យរិះរកនូវដំណោះស្រាយ មធ្យោបាយ និងវិធានការ ដើម្បីឆ្លើយតបទៅនឹង បញ្ហាប្រឈមរបស់រដ្ឋបាលរាជធានី នៅឆ្នាំ២០១៧ និងត្រូវធានាអោយអង្គសន្និបាទដំណើរការដោយរលូន៕