(ភ្នំពេញ)៖ ជនសង្ស័យមុខសញ្ញាចែកចាយគ្រឿងញៀនដ៏ធំ និងសកម្មម្នាក់ បានសារភាពថា ធ្លាប់បានបង់លុយចំនួន ៧ពាន់ ដុល្លារ និងម៉ូតូ Zommer-X មួយគ្រឿង ជូននគរបាលការិយាល័យក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីជាថ្នូរនឹងការដោះលែងរូបគេឲ្យ មានសេរីភាពឡើងវិញ។ តែប្រធានការិយាល័យប្រឆាំងគ្រឿងញៀនក១ បានច្រានចោលការចោទប្រកាន់ និងអះអាងថា មន្រ្តីរបស់ខ្លួនគ្មាននរណាម្នាក់យកលុយពីជនសង្ស័យរូបនេះឡើយ។
ជនសង្ស័យជួញដូរ និង ចែកចាយគ្រឿងញៀន ដ៏សកម្មម្នាក់ឈ្មោះ នែម រតនៈ អាយុ ៣៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនជាថ្មីនៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ម្សិលមិញនេះ ដោយរឹបអូសបានវត្ថុតាងគ្រឿងញៀនជាច្រើនកញ្ចប់។
ការឃាត់ខ្លួនជាថ្មីនៅផ្ទះជួលក្នុងភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យនៅថ្ងៃម្សិលមិញនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនក្រាមសថ្លា ហៅម៉ាទឹកកកចំនួន ៩កញ្ចប់ធំ និង ៨កញ្ចប់តូច ប៊ិចកាំភ្លើង ១ដើម មានគ្រាប់ ១គ្រាប់ និងវត្ថុតាងវិចខ្ចប់មួយចំនួនផងដែរ។ ក្រោយពេលចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការទៅតាមច្បាប់។
លោកអនុសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ ទទួលបន្ទុកព្រហ្មទណ្ឌបញ្ជាក់ថា មុខសញ្ញាជួញដូររូបនេះ ជាមុខសញ្ញាដែលធ្លាប់ជាប់ពន្ធធនាគារម្តងរយៈពេល២ឆ្នាំពាក់ព័ន្ធការជួញដូរគ្រឿងញៀនផងដែរ។ ការចាប់ខ្លួននេះ កម្លាំងនគរបាលខណ្ឌ មានជ័យ បានប្រើពេលតាមដានអស់ជាច្រើនថ្ងៃ។
ក្រោយឃាត់ខ្លួន នៅចំពោះមុខនគរបាលខណ្ឌមានជ័យជនសង្ស័យរូបនេះ បានអះអាងថា កាលពីសប្តាហ៍មុន រូបគេត្រូវបាននគរបាលការិយាល័យក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាប និងចាប់គេម្តងហើយនៅមុខហាងនំប៉័ងបាយ័ន ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ ដោយដកហូតបានថ្នាំញៀនចំនួន ៥ហ៊ុន។ តែរូបគេត្រូវបាននគរបាលដោះលែងឲ្យមានសេរីភាពវិញ បន្ទាប់ពីបានបង់ប្រាក់ជូននគរបាលចំនួន ៧០០០ដុល្លារអាមេរិក និងម៉ូតូ Zommer-X មួយគ្រឿង។
ឆ្លើយតបការចោទប្រកាន់នេះ លោក អ៉ិន សុង ប្រធានការិយាល័យក១ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានច្រានចោលទាំងស្រុង នូវការចោទប្រកាន់នេះ។ លោក អ៉ិន សុង បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ កម្លាំងរបស់លោកពិតជាបានចាប់ខ្លួនជនសង្ស័យពិតប្រាកដមែន តែរកមិនឃើញមានថ្នាំញៀននោះទេ។
លោក អ៉ិន សុង បានបញ្ជាក់ថា បន្ទាប់ពីការឃាត់ខ្លួនកម្លាំងរបស់លោកបានធ្វើតេស្តទឹកនោមរកឃើញថា ជនសង្ស័យមានផ្ទុកសារធាតុ ញៀនក្នុងខ្លួន ហើយមានសំណូមពរពីសាមីខ្លួនផងនោះ ទើបលោកបានបញ្ជូនខ្លួនជនសង្ស័យទៅកាន់មណ្ឌលបន្សាបគ្រឿងញៀននៅគ្រាំងធ្នង់ ដោយមានការឯកភាពពីព្រះរាជអាជ្ញារងសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ ផងដែរ។
ដែលឡែកម៉ូតូវិញ គឺត្រូវបានសមត្ថកិច្ចប្រគល់ជូនទៅភរិយារបស់ជនសង្ស័យផងដែរ មិនបានយកនោះទេ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក អ៉ិន សុង។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំង និងបោសសំអាតការជួញដូរគ្រឿងញៀននៅកម្ពុជា។ យុទ្ធនាការនេះមានរយៈពេល ៦ខែ គិតចាប់ពីខែមករា នេះតទៅ។ យុទ្ធនាការដែលបានអនុវត្តន៍រយៈប៉ុន្មានថ្ងៃមកនេះ ការជួញដូរគ្រឿង ញៀនរាប់រយករណី និងជនជាប់ពាក់ព័ន្ធរាប់ពាន់នាក់ហើយត្រូវបានឃាត់ និងឃុំខ្លួន។
យុទ្ធនាការនឹងមិនបានទទួលជោគជ័យឡើយ ប្រសិនបើជាមានមន្រ្តីកម្ចាត់គ្រឿងញៀនមួយចំនួនមិនមានឆន្ទៈក្នុងការអនុវត្តន៍បទបញ្ជារបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ហើយមានការស៊ីសំណូកយកលុយពីជនជួញដូរថ្នាំញៀន ដូចការអះអាងរបស់ជនសង្ស័យខាងលើមែននោះ៕