(ភ្នំពេញ)៖ រថយន្តស៊េរីទំនើបមួយគ្រឿង រងការខូចខាតផ្នែកខាងមុខ ស្ទើរតែទាំងអស់ ដោយសារបុរសម្នាក់ មានអាការៈស្រវឹង បានបើកទៅបុកខឿន ពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ជាច្រើនកង់ តែមិនបង្កឲ្យម្ចាស់រងរបួសទេ។

ហេតុការណ៍ខាងលើនេះ បានកើតឡើងនាម៉ោង១២៖៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ នៅជិតស្អានអាកាស៧មករា នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា មុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើបម៉ាក Camry ពាក់ស្លាកលេខ ភ្នំពេញ 2M-8885 ដែលបានបើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែងកើតហេតុ ក៏រេចង្កូតមកបុកទ្រូងពុះចែកផ្លូវ ដែលបណ្តាលឲ្យខូចខាត រថយន្តផ្នែកខាងមុខស្ទើរទាំងស្រុង តែសំណាងល្អ មិនបង្កឲ្យមានគ្រោះថ្នាក់ ដល់អ្នកបើកបរទេ។

ភ្លាមៗនោះអ្នកបើកបររថយន្ដ ដែលមិនរងរបួស បានបើកទ្វាររត់គេចខ្លួនបាត់ ដោយបន្សល់តែរថយន្តរបស់ខ្លួន នៅនឹងកន្លែងកើតហេតុ​។​

ក្រោយកើតហេតុសមត្ថកិច្ច បានយករថយន្ដបង្កបញ្ជួន ទៅចរាចរណ៍ក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ គ្នានៅពេលក្រោយ៕