Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាល បង្ក្រាបរថយន្តដឹកអង្ករ និងទំនិញគេចពន្ធនាំពីវៀតណាម ឆ្លងកាត់តាមច្រកភ្នំឌិន ខេត្តតាកែវ

23-01-2017 22:50

(កណ្ដាល)៖ ដោយអនុវត្តតាមអនុសាសន៍ណែនាំពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្ដាល បានចុះឃាត់រថយន្ត១គ្រឿង ដឹកអង្ករ និងទំនិញសំពីងសំពោង ដែលរត់គេចពន្ធ នាំចូលពីវៀតណាម ចូលតាមច្រកភ្នំឌិន ខេត្តតាកែវ។

កម្លាំងចម្រុះខាងលើ មានកម្លាំងមន្ទីរយុត្តិធម៌ខេត្ត និងកម្លាំងអាវុធហត្ថស្រុកកណ្តាលស្ទឹង ដឹកនាំដោយលោកវរសេនីយ៍ទោ ជុន វណ្ណី មេបញ្ជាការរងខេត្ត និងជាមេបញ្ជាការស្រុក និងលោកវរសេនីយ៍ត្រី អ៊ុយ សុវណ្ណា ប្រធានមន្ទីរយុត្តិធម៌ សហការជាមួយមន្រ្តីជំនាញគយ និងកម្លាំងសាខាកាំកុងត្រូលខេត្ត។

ម្ចាស់ទំនិញមានទីលំនៅភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បានជួលរថយន្តខាងលើ ដឹកទំនិញពីខេត្តតាកែវ មកលក់ឲ្យម៉ូយនៅខេត្តកំពង់ស្ពឺ ដែលជាទំនិញគេចពន្ធ។

ទំនិញទាំងនោះ រួមមាន៖ អង្ករវៀតណាម មានសញ្ញាមនុស្សជិះក្របី អក្សរវៀតណាម ចំនួន៨០បាវ ស្មើនឹង៤តោ, ពូកចំនួន១០០ (ខ្នាត១.៦ម៉ែត្រ×០.០៨ម៉ែត្រ, កម្រាលពូកចំនួន១០០, ខ្នើយឱបចំនួន១០០, ខ្នើយកើយចំនួន១០០, ភួយចំនួន១០០ និងមុងចំនួន១០០ ដឹកជញ្ជូនដោយមិនបង់ពន្ធទាំងអស់ ចូលតាមច្រកព្រំដែនភ្នំឌិន ខេត្តតាកែវ។

ក្រោយពីឃាត់រថយន្តរួចហើយ កម្លាំងជំនាញកាំកុងត្រូល និងជំនាញគយ​ បានបញ្ជូនរថយន្ត និងទំនិញទាំងប៉ុន្មានយកទៅរក្សាទុក នៅមូលដ្ឋាន អ.ហ ស្រុកកណ្តាលស្ទឹង បណ្តោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីច្បាប។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏ដូចជានាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាយ៉ាងតឹងរឹងចុះបង្ក្រាបបទល្មើសគេចពន្ធ ពិសេសហាមដាច់ខាតមិនឲ្យមានការនាំចូលអង្ករវៀតណាម ដើម្បីលើកកម្ពស់អង្ករខ្មែរជួយដល់ប្រជាកសិករខ្មែរ៕