(ភ្នំពេញ)៖ រថយន្តស៊េរីទំនើប១គ្រឿង រងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងអស់ ដោយសារបុរសម្នាក់មានអាការៈស្រវឹង បានបើកទៅបុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបាក់ជាច្រើនកង់ តែមិនបង្កឲ្យម្ចាស់រងរបួសទេ។
ហេតុការណ៍ខាងលើនេះបានកើតឡើងនាម៉ោង ០៨៖០០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយ ផ្លូវម៉ៅសេទុង នៅជិតមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ នៅក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់ថា មុនពេលកើតហេតុ គេឃើញរថយន្តសេរីទំនើបម៉ាក Lexus GS300 ពាក់ស្លាកលេខ ភ្នំពេញ2Q-1991 ដែលបានបើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹង ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់កន្លែង កើតហេតុក៏រេចង្កូតមកបុកទ្រូងពុះចែកផ្លូវដែលបណ្តាលឲ្យខូចខាតរថយន្តផ្នែកខាងមុខស្ទើរទំាងស្រុង តែសំណាងល្អ មិនបង្កអោយមាន គ្រោះថ្នាក់ដល់អ្នកបើកបរទេ។
ភ្លាមៗនោះអ្នកបើកបររថយន្ដដែលមិនរងរបួសបានបើកទ្វាររត់គេចខ្លួនបាត់ ដោយបន្សល់តែរថយន្តរបស់ខ្លួន នៅនឹងកន្លែងកើតហេតុ។
ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្ដបង្កបញ្ជួនទៅចរាចរក្រុងភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕