(ភ្នំពេញ)៖ អ្នកជំនួញជោគជ័យជាច្រើននាក់នៅកម្ពុជា រួមគ្នារៀបចំវេទិកាដំបូងបង្អស់មួយ នៅថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ ដើម្បីចែករំលែកការយល់ដឹងពីសំណាក់វាគ្មិន ដែលមានបទពិសោធន៍ ក្នុងជីវិតការងារប្រចាំថ្ងៃផ្សេងៗគ្នា និងចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមក ទៅកាន់ទស្សនិកជន ដែលជាបុគ្គលិកក្រុមហ៊ុន និងសិស្សានុសិស្ស។
វេទិការខាងលើ នឹងធ្វើឡើងនាសណ្ឋាគារសុខាភ្នំពេញ ក្រោមប្រធានបទ «ស្ថាបនាធនធាន (Wealth Building)»។ ស្ថាបនាធនធាន គឺជាវេទិកាលើកដំបូងបង្អស់ ដែលមាននៅកម្ពុជាស្តីពីការគ្រប់គ្រងធនធាន ក្នុងនោះមានព្រឹត្តិការណ៍ពិព័រណ៍បញ្ចូលគ្នាចំនួន៣ រួមមាន៖ វេទិកាគ្រប់គ្រងទ្រព្យសម្បត្តិ, ពិព័រណ៍ទីផ្សារ និងពិព័រណ៍ Startup។ គោលបំណងនៃព្រឹត្តិការណ៍នេះ គឺដើម្បីបង្កើតវេទិកាអប់រំមួយស្តីពី ហិរញ្ញវត្ថុសម្រាប់សាធារណជន ការបង្ហាញផលិតផល និងសេវាកម្ម Marketing ក៏ដូចជាសម្រាប់ម្ចាស់អាជីវកម្ម Startup ជួបនឹងដៃគូពាណិជ្ជកម្ម និងវិនិយោគិនផងដែរ។
កញ្ញា ដែក ដារី ជាអ្នកបង្កើតកម្មវិធីនេះឡើង បានឲ្យដឹងថា នៅកម្ពុជាមានការកើនឡើងនូវស្ថាប័នក្រុមហ៊ុនជាច្រើន ដោយទាក់ទងអំពីហិរញ្ញវត្ថុ និងសេវាកម្មផ្សេងៗ ប៉ុន្តែការយល់ដឹងរបស់ប្រជាជន នៅមានកម្រិត ដោយធ្វើឲ្យពួកគេតែងតែពឹងពាក់លើអ្នកដទៃ ចំណែកផ្នែកទីផ្សារក៏មិនខុសគ្នាប៉ុន្មានដែរ ដូច្នេះហើយទើបយើងបានបង្កើតកម្មវិធីនេះ ដើម្បីប្រមូលផ្តុំបណ្តាក្រុមហ៊ុននានា មកចូលរួមបង្ហាញពីផលិតផល និងសេវាកម្មក្នុងឧស្សាហកម្មរបស់ខ្លួន នៅក្នុងកម្មវិធីតែមួយតែម្តង។
កញ្ញាបានមើលឃើញការកើនឡើង នូវអ្នកដែលទើបបង្កើតជំនួញថ្មីៗ ហើយវេទិការនេះក៏ជ្រើសរើសបានជាង២០ក្រុមហ៊ុន ដែលទើបតែបង្កើតក្នុងឆ្នាំ២០១៦ ដោយយើងបានផ្តល់ជាស្តង់ឥតគិតថ្លៃ សម្រាប់ឲ្យពួកគេតាំងបង្ហាញផលិតផល និងសេវាកម្មរបស់ខ្លួនទៅកាន់អ្នកវិនិយោគិន និងអតិថិជន។ កញ្ញាថាពិតជារំភើបខ្លាំងណាស់ ដែលបានឃើញ Startup Fair នៅកម្ពុជា ហើយក៏មានកាគាំទ្រពីសំណាក់ម្ចាស់ឧបត្ថម្ភកម្មវិធី ដូចជា Metfone, Phillip Bank Plc, Canadia Bank និង Sovannaphum Life Insurance។
សូមជម្រាបថា វគ្គសិក្ខាសាលានាពេលខាងមុខនោះ «ត្រូវបានចែកជា៨វគ្គ រៀបចំឡើងដើម្បីចែករំលែកការយល់ដឹង ពីសំណាក់វាគ្មិនដែលមានបទពិសោធន៍ ក្នុងជីវិតការងារប្រចាំថ្ងៃផ្សេងៗគ្នា នឹងឱកាសដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ទៅវិញទៅមក ទៅកាន់ទស្សនិកជនដែលជាបុគ្គលិកក្រុមហ៊ុន និងសិស្សានុសិស្ស បង្កើតឱ្យមានកិច្ចសន្ទនាដោយផ្ទាល់ នៅក្នុងចំណោមភាគីពាក់ព័ន្ធ អំឡុងវគ្គសំណួរ និងចម្លើយ។
សូមចូលទៅ Link នេះ (www.wealthbuildingcambodia.com) ដើម្បីធើ្វការចុះឈ្មោះ និងទំនាក់ទំនងទិញសំបុត្រ សូមទូរស័ព្ទមកកាន់ 023 694 4444 / 071 3333 208
តម្លៃសំបុត្រចូលរួមសិក្ខាសាលា សម្រាប់អ្នកធ្វើការ ២៥ដុល្លារ សម្រាប់សិស្សានុសិស្ស ១៥ដុល្លារ
ទិញចាប់ពី៣សំបុត្រឡើងទៅ នឹងមានការបញ្ចុះតម្លៃពិសេស៕