(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកថ្មីលោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទនេះ​ (ម៉ោងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន) នឹងចុះហត្ថាលេខាលើបទបញ្ជាពិសេសមួយស្ដីពី ការដកខ្លួនចេញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក TPP ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងទ្វីប មានការចូលរួមពីសំណាក់ប្រទេស ចំនួន១១ផ្សេងទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ ក្រុមការងាររបស់លោកត្រាំ ក៏បានឱ្យដឹងដែរថា ប្រធានាធិបតីអាមេរិកថ្មីរូបនេះ អាចនឹងធ្វើកិច្ចចចារជាលក្ខណៈបុគ្គលជាមួយនឹងភាគីនៃកិច្ច ព្រមព្រៀង TPP ដែលនេះមានន័យថារដ្ឋបាលអាមេរិកអាចនឹងស្វែងរកការព្រមព្រៀងថ្មីជាមួយនឹងបណ្ដាប្រទេសដែលបានចូលរួមក្នុងកិច្ចព្រមព្រៀង TPP ។ ​ការសម្រេចចិត្តបែបនេះរបស់លោក ដូណាល់ ត្រាំ គឺជាផ្នែកមួយនៃការអនុវត្តន៍តាមពាក្យសន្យាជាដំបូងបំផុត នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតដែល ថានឹងដកខ្លួនពីកិច្ចព្រមព្រៀង TPP​ភា្លមៗ បើសិនជាលោកក្លាយប្រធានាធិបតីអាមេរិក។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង TPP មានសមាជិកចូលរួម១២ ប្រទេសក្នុងនោះមានដូចជា អូស្ត្រាលី ព្រុយណេ កាណាដា ឈីលី សហរដ្ឋអាមេរិក ជប៉ុន ម៉ាឡេស៊ី ម៉ិចស៊ិកកូ នូវែលសេឡង់ ប៉េរូ សិង្ហបុរី និងវៀតណាម។ ក៏ប៉ុន្តែកិច្ចព្រមព្រៀងនេះ អាចនឹងត្រូវបានលុបចោល បើសិនជាទីក្រុងវ៉ាស៊ីនតោនសម្រេចចិត្តដកខ្លួន មែននោះ៕