(ភ្នំពេញ)៖ ដូចតាមការគ្រោងទុក នៅព្រឹកថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០១៧នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវេទិកាសាធារណៈ ស្តីពីច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ឬច្បាប់ថវិកាឆ្នាំ២០១៧។
វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក វង្សី វិស្សុត រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមតំណាង ក្រសួងស្ថាប័នពាក់ព័ន្ធ, ដៃគូអភិវឌ្ឍន៍, សង្គមស៊ីវិល, ស្ថាប័នស្រាវជ្រាវ, គ្រឹះស្ថានឧត្តមសិក្សា, វិស័យឯកជន, បណ្តាញសារព័ត៌មាន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ព្រមទាំងអ្នកសិក្សាស្រាវជ្រាវ, និស្សិត និង យុវជន ប្រមាណជិត ៣០០ នាក់។
លោករដ្ឋលេខាធិការ វង្សី វិស្សុត បានលើកឡើងថា ការរៀបចំវេទិសាធារណៈស្តីពីថវិកាជាតិជាលើកទី៣ នៅក្នុងឆ្នាំ២០១៧នេះ គឺក្នុងគោលដៅ៖
១៖ ធ្វើការផ្សព្វផ្សាយនូវលទ្ធផល នៃការរៀបចំថវិកាឆ្នាំ២០១៧ ឱ្យបានកាន់តែទូលំទូលាយ ដល់សាធារណជនទូទៅ តាមរយៈអ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកចូលរួមទាំងអស់។
២៖ លើកកម្ពស់កិច្ចសន្ទរនារវាងរាជរដ្ឋាភិបាល និយាយជារួម និងនិយាយដោយឡែក រវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយគ្រប់មជ្ឈដ្ឋានទូទៅ។
៣៖ លើកកម្ពស់តម្លាភាពនៅ កិច្ចប្រតិបត្តិការរបស់រដ្ឋ ជាពិសេសការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
៤៖ ចង់ទទួលបាននូវ ព័ត៌មានត្រឡប់ និងមតិយោបល់ពីគ្រប់មជ្ឈដ្ឋានទាំងអស់ ដើម្បីជាធាតុចូលសម្រាប់កែតម្រូវចំណុចខ្វះចន្លោះទាំងឡាយ និងបន្តពង្រឹង និងកែលំអរការរៀបចំថវិកាឆ្នាំក្រោយៗទៀត។
លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ផងដែរថា ក្រៅពីការរៀបចំវេទិកានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក៏បានរៀបចំ នូវយន្តការពិគ្រោះយោបល់ជាច្រើនទៀត ជាមួយដៃគូពាក់ព័ន្ធ ទៅតាមដំណាក់កាលនីមួយៗ នៅក្នុងវដ្ដនៃការរៀបចំថវិកា ដូចជាការរៀបចំកិច្ចប្រជុំអំពី ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចប្រចាំនីមួយៗ រួមទាំងការរៀបចំសិក្ខាសាលា ពាក់ព័ន្ធនឹងវិស័យសំខាន់ៗ ដូចជា អប់រំ ការអភិវឌ្ឍជំនាញ សុខាភិបាល កសិកម្ម និងដឹកជញ្ជូនជាដើម ដើម្បីប្រមូលធាតុចូល ក៏ដូចជាស្វែងនូវដំណោះស្រាយ ដោយផ្សាភ្ជាប់ជាមួយនឹងការរៀបចំថវិកា។
លោកបញ្ជាក់ថា លទ្ធផលការងារ និងព័ត៌មានផ្សេងៗពាក់ព័ន្ធកិច្ចការទាំងនេះ មានបង្ហោះផងដែរនៅក្នុងគេហទំព័ររបស់ក្រសួង តែកិច្ចការនេះមានទិដ្ឋភាពខាងបច្ចេកទេសច្រើន ដែលចាំបាច់ត្រូវការពន្យល់ និងការផ្តល់ព័ត៌មានបន្ថែម ដើម្បីជៀសវាងការយល់ខុស និងការវិភាគមិនត្រឹមត្រូវ ដែលនាំទៅដល់ការបកស្រាយខុស មិនឆ្លុះបញ្ចាំងការពិត ហើយឱ្យបង្កមានឱ្យមានការភ័ន្តច្រលំ នៅចំណោមសាធារណៈមតិ។
លោករដ្ឋលេខាធិការ បានលើកឡើងថា ថវិកាឆ្នាំ២០១៧ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ចំនួន០៤ គឺ៖
១៖ ឆ្នាំ២០១៧ គឺជាឆ្នាំទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ដែលរាជរដ្ឋាភិបាលត្រូវធ្វើការបូកសរុប នូវលទ្ធផលដែលសម្រេច និងអ្វីខ្លះដែលនៅសេសសល់ ចំពោះការសន្យារបស់ខ្លួន ចំពោះប្រជាជននៅក្នុងក្របខ័ណ្ឌ នៃកម្មវិធីនយោបាយ ដែលបានដាក់ចេញក្នុងពេលបោះឆ្នោត។
២៖ ឆ្នាំ២០១៧ ជាឆ្នាំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។
៣៖ ស្ថានភាពសេដ្ឋកិច្ចពិភព និងតំបន់ឆ្នាំ២០១៧នេះ កំពុងស្ថិតនៅក្នុងភាពស្មុគស្មាញ និងភាពមិនច្បាស់លាស់ (uncertainty) ទាំងក្នុងកម្រិតភូមិសាស្រ្តនយោបាយ ទាំងក្នុងកម្រិតភូមិសាស្រ្ត សេដ្ឋកិច្ចនិងពាណិជ្ជកម្ម ដែលនឹងអាចបង្កឱ្យមានហានិភ័យបន្ថែមទៀត មកលើសេដ្ឋកិច្ចកម្ពុជា ដែលមានកំពុងមានហានិភ័យ មួយចំនួនស្រាប់។
៤៖ កម្ពុជាកំពុងឆ្លងកាត់ដំណើរផ្លាស់ប្តូរមួយ (Transformation) ដែលមានគុណភាពពីកម្រិតមួយ ទៅកម្រិតថ្មីមួយទៀត ដែលជាផ្លាស់ប្តូរទាំងនៅ ក្នុងរចនាសម័្ពន្ធសេដ្ឋកិច្ច និងសង្គម រួមទាំងស្ថានភាពប្រជាសាស្រ្ត ក៏ដូចជាជីវិតរបស់នៅប្រចាំថ្ងៃ។
ឈរលើមូលដ្ឋានខាងលើនេះ ការរៀបចំ និងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងថវិកាឆ្នាំ២០១៧ ត្រូវបានគិតគូរដោយផ្តោតទៅលើទិដ្ឋភាពធំៗចំនួន ០៣ ដែលរួមមាន៖
ទី១៖ ការធានាឱ្យការបោះឆ្នោតឆ្នាំ២០១៧ ប្រព្រឹត្តទៅដោយរលូន មានតម្លាភាព និងអាចទទួលយកបាន និងបង្កើនល្បឿននៃការបញ្ចេញលទ្ធផលជាក់ស្តែងជូនប្រជាជន នៅក្នុងក្របខណ្ឌនៃការសន្យាចំពោះម្ចាស់ឆ្នោតដែលមាននៅក្នុងកម្មវិធីនយោបាយ។
ទី២៖ ការទ្រទ្រង់ដល់ដំណើរផ្លាស់ប្តូរសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ដោយធ្វើការគិតគូរទៅដល់វិស័យសំខាន់ៗនៅក្នុងសេដ្ឋកិច្ច ដូចជា កសិកម្ម ឧស្សាហកម្ម សេវាកម្ម និងវិស័យទ្រទ្រង់ផ្សេងទៀត ដូចជា ធនធានមនុស្ស ហិរញ្ញប្បទាន និងហេដ្ឋារចនាសម្ព័ន្ធជាដើម ដើម្បីជំរុញមូលដ្ឋានការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យដំណើរទៅមុខ និងងើបឡើងបានយូរអង្វែង ឆ្ពោះទៅទៅគោលដៅដែលបានកំណត់ គឺជាប្រទេសចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ទី៣៖ ការគ្រប់គ្រងហានិភ័យ ទាំងពីខាងក្នុង ទាំងពីខាងក្រៅ ជាពិសេសការឆ្លើយតបទៅនឹងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោក និងតំបន់។
ក្នុងន័យនេះ ជាគោលដៅយុទ្ធសាស្រ្តយើងត្រូវ៖
១៖ ត្រូវតែខិតខំសម្រេចឱ្យបាននូវ កំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧% នៅក្នុងឆ្នាំ២០១៧នេះ ហើយកំណើននេះត្រូវប្រកបដោយគុណភាព ដែលឆ្លុះបញ្ចាំងឱ្យឃើញនូវការបែងចែកផ្លែផ្កានៃកំណើន ប្រកបដោយសមធម៌ និងបរិយាប័ន្ន។
២៖ត្រូវធានាឱ្យនូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រក្រតីភាពនៃសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសលំនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចសកម្មភាពសេដ្ឋកិច្ចនានា។
៣៖ ត្រូវជំរុញឱ្យការផ្លាស់ប្តូររចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនខ្ពស់រយៈពេលខ្លី និងកសាងបុកគ្រឹះ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចមួយ ដែលកាន់តែមានគុណភាពជាងមុន និងកាន់តែមានបរិយាប័ន្នជាងមុន នៅក្នុងរយៈពេលវែង។
ឈរលើមូលដ្ឋានខាងលើនេះ ការរៀបចំថវិកាឆ្នាំ២០១៧ ត្រូវបានសម្រេចជា៖
* ជាថវិកាដែលគិតគូរដល់មនុស្ស តាមរយៈ៖
១៖ គិតគូរដល់ការដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធ បន្ថែមលើប្រាក់ឧបត្ថម្ភផ្សេងៗទៀត ដូចជា ប្រាក់របបបេសកកម្ម ប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភគ្រួសារជាដើម្បី ដើម្បីលើកកម្ពស់ជីវភាព និងផ្តល់មធ្យោបាយដល់មន្រ្តីរាជការ ក្នុងការបម្រើប្រជាជនឱ្យកាន់តែប្រសើរជាមុន កាន់តែមានគុណភាព និងផលិតភាពជាងមុន។
២៖ គិតគូរដល់ការដំឡើងប្រាក់សោធននិវត្តន៍ ជូននិវត្តន៍ជន និងការដំឡើងប្រាក់ឧបត្ថម្ភជូនមន្រ្តីជាប់កិច្ចសន្យា។
៣៖ ផ្តល់អាទិភាពដល់ការអភិវឌ្ឍធនធានមនុស្ស តាមរយៈការបង្កើនចំណាយយ៉ាងគំហុកដល់វិស័យសង្គមកិច្ច។ ជាក់ស្តែង ចំណាយថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានដំឡើងពី ១,៧% នៃ ផសស នៅឆ្នាំ២០១៣ ឡើងដល់ប្រមាណ ៣,០៨% ឬមានកំណើន ២៣០% ក្នុងខណៈដែលចំណាយថវិការបស់ក្រសួងសុខាភិបាលក៏បានកើនឡើង ៨០% នៅក្នុងរយៈពេលដូចគ្នា។ ទន្ទឹមនឹងក្រសួងស្ថាប័នផ្សេងទៀត ក៏បានទទួលថវិកាសម្រាប់ការកសាងសមត្ថភាពមន្រ្តី ដូចជាតាមរយៈការរៀបចំសិក្ខាសាលាជាដើម។
៤៖ ពង្រីកវិសាលភាព និងបង្កើនគុណភាពសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង និងឱ្យដល់ដៃប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល និងជាអ្នកប្រើប្រាស់។
៥៖ បង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីលើកកម្ពស់ជីវភាព និងសុខមាលភាពប្រជាពលរដ្ឋនៅជនបទ ក៏ដូចជាលើកកម្ពស់សេដ្ឋកិច្ចជនបទ។
៦៖ បន្ធូបន្ថយពន្ធ ដើម្បីលើកកម្ពស់ជីវភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកដែលមានប្រាក់ចំណូលទាប រួមទាំងមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសគ្រូបង្រៀន និងគ្រូពេទ្យ កម្មករនិយោជិត ក៏ដូចជាគិតគូរដល់ការប្រកបអាជីវកម្មតូចតាច តាមរយៈ៖ ការដំឡើងកម្រិតអប្បបរមានៃប្រាក់បៀវត្សជាប់ពន្ធឱ្យឡើងដល់ ១លានរៀល, ការមិនយកអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់មួយចំនួន រួមទាំងសេវាអប់រំ, ការអនុគ្រោះលើកលែងការបង់ពន្ធកាត់ទុកលើអត្ថប្រយោជន៍បន្ថែម និងការមិនយកពន្ធពីការប្រកបអាជីវកម្មតូចតាច រួមទាំងការមិនលើកលែងមិនភាស៊ីពីអ្នកលក់ដូរតូចតាចជាដើម។ល។
* ថវិកាឆ្នាំ២០១៧ ជាថវិកានៃការបន្តចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈ៖
១៖ ការធានាបាននូវសុខសន្តិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសការបោះឆ្នោតឆ្នាំ២០១៧។
២៖ ការទ្រទ្រង់កំណើនសេដ្ឋកិច្ចកុំឱ្យមានការធ្លាក់ចុះ នៅក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ ដើម្បីបង្កើតឱកាសការងារ និងឱកាសរកប្រាក់ចំណូលសមរម្យជូនប្រជាជន និងបុកគ្រឹះការកសាងមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចមួយ ប្រកបដោយ បរិយាប័ន្ន នៅក្នុងរយៈពេលវែង។
៣៖ ការគិតគូរទៅដល់សមធម៌សង្គម និងបរិយាប័ន្នសង្គម។
៤៖ ការបង្កើនគុណភាព និងសមត្ថភាពនៃវិស័យសាធារណៈ។
* ថវិកាឆ្នាំ២០១៧ ជាថវិកាដែលឆ្លុះបញ្ចាំងលទ្ធផលការងារ និងវឌ្ឍនភាពនៃកិច្ចការកែទម្រង់សំខាន់ៗ របស់រាជរដ្ឋាភិបាល ដោយក្នុងនោះ នៅក្នុងការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុហិរញ្ញវត្ថុ គឺយើងសម្រេចនូវកំណើនចំណូលខ្ពស់ប្រមាណ ២០% ក្នុងមួយឆ្នាំ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងខណៈដែលវប្បធម៌ពន្ធនៅមានកម្រិតនៅឡើយ។
កំណើននេះ គឺបានមកពីមកខិតខំប្រឹងប្រែងក្នុងកៀគរចំណូលគ្រប់ប្រភេទ ជាពិសេសចំណូលពន្ធដារ និងពន្ធគយ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងនេះ បានធ្វើឱ្យចំណូលចរន្តថវិការដ្ឋឆ្នាំ២០១៧ ត្រូវបានគ្រោងរហូតទៅ ១៨,៥% នៃ ផសស ពោលគឺនឹងសម្រេចបានលើសគោលដៅ ដែលបានដាក់នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ ២០១៤-២០១៨ ដែលបានកំណត់ថា រាជរដ្ឋាភិបាលត្រូវប្រមូលចំណូលចរន្តថវិការដ្ឋឱ្យបានស្មើនឹង ១៧,៣៥% នៃ ផសស នៅឆ្នាំ២០១៨។
ដោយសារកំណើននៃចំណូលខ្ពស់ខាងលើនេះ និងដោយសារការកែលំអរក្នុងការគ្រប់គ្រងចំណាយថវិកា ជាពិសេសការលើកកម្ពស់គុណភាពចំណាយ ទាំងក្នុងពេលរៀបចំថវិកា និងទាំងក្នុងពេលអនុវត្តថវិកា, មិនត្រឹមតែធ្វើរាជរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងតម្រូវការចំណាយប៉ុណ្ណោះទេ តែថែមទាំងអាចធ្វើឱ្យមានសល់អតិរេកថវិកា សម្រាប់ត្រៀមទប់ទល់វិបត្តិកលិយុគនិងហានិភ័យផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ។
ពិតណាស់ទោះបីកិច្ចការកែទម្រង់ដ៏សំខាន់នេះ ត្រូវជួបប្រទះនូវការលំបាក និងឧបសគ្គច្រើន ដូចជាការបង្កើនការដាក់ឱ្យអនុវត្តនូវថវិកាកម្មវិធីឱ្យឡើងដល់ ៣៦ ក្រសួងស្ថាប័ននៅក្នុងឆ្នាំ២០១៧នេះក្តី ក៏រាជរដ្ឋាភិបាលនៅតែមានឆន្ទៈម៉ុះមុតនៅក្នុងការអនុវត្តនូវកិច្ចកែទម្រង់នេះ ឱ្យសម្រេចបានជោគជ័យ។
* ថវិកាឆ្នាំ២០១៧ ជាថវិកាមួយ ដែលឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែង និងពីឯករាជ្យភាព និងភាពម្ចាស់ខាងថវិការបស់កម្ពុជា។ ទំហំថវិកាជាតិសរុបនៅឆ្នាំ២០១៧នេះ បានកើនឡើងរហូតទៅដល់ប្រមាណ ៥២២៣ លានដុល្លាអាមេរិក ធៀបនឹងឆ្នាំ១៩៩៤ ដែលមានទំហំត្រឹមតែប្រមាណ ៣៥០ លានដុល្លារប៉ុណ្ណោះ ពោលគឺការកើនឡើងប្រមាណ ១៤ ដង។ ទន្ទឹមនឹងនេះ ប្រភពហិរញ្ញប្បទានបរទេសនៅក្នុងថវិកាជាតិបានថយចុះពីប្រមាណ ២/៣ ឬស្មើនឹង ៦៦% នៅឆ្នាំ១៩៩៤ មកត្រឹមតែប្រមាណ ២១% នៅឆ្នាំ២០១៧នេះ។
* ថវិកាឆ្នាំ២០១៧ ជាថវិកាមួយ ជាថវិកាដែលនឹងធានាបាននូវប្រក្រតីកម្មនៃដំណើការរបស់ប្រទេសជាតិ និងស្ថិរភាពហិរញ្ញវត្ថុ។
សរុបសេចក្តីមកថវិកាឆ្នាំ២០១៧ គឺថវិកាវិត្ថារកម្ម ដោយប្រយ័ត្នប្រយែងខ្ពស់ តាមរយៈការបង្កើនកំណើនចំណាយខ្ពស់រហូតទៅដល់ ១៥,៦% ធៀបនឹងថវិកាឆ្នាំ២០១៦ តែការបង្កើននេះ ផ្អែកទៅលើការខិតខំប្រឹងប្រមូលចំណូលក្នុងស្រុក និងការខ្ចីដោយប្រយ័ត្នប្រយែង ស្របតាមយុទ្ធសាស្រ្តគ្រប់គ្រងបំណុលច្បាស់លាស់ ព្រមទាំងបន្តខិតខំកែលំអរការចាយវាយឱ្យចំមុខ និងមានប្រសិទ្ធភាព ដើម្បីធានាបាននូវកំណើនខ្ពស់នៅក្នុងរយៈពេលខ្លីនិងមធ្យម និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ព្រមទាំងវឌ្ឍនភាពនៃការកែទម្រង់សំខាន់ៗ និងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ឆ្ពោះទៅរកការអភិវឌ្ឍ ប្រកបដោយគុណភាព និងចីរភាព៕
អង្គវេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅនៅក្នុងរយៈពេលជាង ៣ ម៉ោង ដោយក្នុងនោះ វគ្គសំណួរចម្លើយមានរយៈពេលប្រមាណ ២ ម៉ោង។ នៅក្នុងការជជែកឆ្លើយឆ្លង នៅក្នុងវគ្គសំណួរចម្លើយនេះ មានការលើកឡើងនូវសំណួរ និងមតិយោបល់ជាច្រើន ដែលធ្វើឱ្យកិច្ចសន្ទនានៅក្នុងភាពជាដៃគូនេះកាន់តែមានប្រយោជន៍។ ទន្ទឹមនឹងនេះ ក៏មានការពន្យល់បកស្រាយបំភ្លឺ ចំពោះសំណួរ និងការលើកឡើងនូវមតិទាំងឡាយ ប្រកបដោយអត្ថន័យជ្រាលជ្រៅ និងច្បាស់លាស់ ក្នុងស្មារតីលើកកម្ពស់តម្លាភាព និងប្រសិទ្ធភាពនៃការអនុវត្ត ជាពិសេសគោលនយោបាយទាំងឡាយដែលបានដាក់ចេញ នៅក្នុងក្របខណ្ឌនៃច្បាប់ថវិកាឆ្នាំ២០១៧៕