(ព្រះសីហនុ)៖ សម្ភារបរិក្ខាពេទ្យប្រមា ណ១២៦កេះ ត្រូវបានឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី អ្នកជំនួញជោគជ័យលើវិស័យកសិកម្មនៅកម្ពុជា នាំយកទៅផ្តល់ជូនមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ សម្រាប់ប្រើប្រាស់ព្យាបាលអ្នកជំងឺ។
សម្ភារបរិក្ខាពេទ្យដែលផ្តល់ដោយឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ សុទ្ធសឹងមានគុណភាពល្អ និងនាំចូលពីប្រទេសអាមេរិក តាមរយៈការផ្តល់ ជូនពីមិត្តភក្តិបរទេសរបស់លោកផ្ទាល់តែម្តង។ សម្ភារបរិក្ខាពេទ្យដែលផ្តល់ជូននៅពេលនេះមានជាង២០មុខដូចជា៖ អាវសំរាប់វះកាត់ ឧបករណ៍វះកាត់ធំ ឧបករណ៍ វះកាត់តូច ឧបករណ៍សំរាប់វះកាត់ក្នុងពោះ ឧបករណ៍ជំនួយផ្លូវដង្ហើម ម៉ាស៊ីនវាស់ឈាម Graphic Controls និងឧបករណ៍ សម្ភារប្រើប្រាស់ផ្សេងៗទៀតជាច្រើន ។
ជាមួយនិងការថ្លែងអំណរគុណចំពោះសណ្តានចិត្តមនុស្សធម៌របស់លោកឧកញ៉ាបណ្ឌិត ម៉ុង ឫទ្ធី លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងលោកស្រី សម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា សព្វថ្ងៃនេះ មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺចូលសម្រាកព្យាបាលជាង ១០០នាក់ជារៀងរាល់ថ្ងៃ។
ជាមួយគ្នានេះមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ក៏មានលទ្ធភាពព្យាបាលអ្នកជំងឺត្រូវពស់ចឹក រលាកស្រោមខួរក្បាល ជំងឺផ្លូវដង្ហើម វះកាត់ឆ្អឹងបាក់ដោយម៉ាស៊ីន ឧបករណ៍ ទំនើបផ្នែកសម្ភព និងជំងឺផ្សេងៗទៀតជាច្រើន ដែលធ្វើឲ្យកំណើនអ្នកជំងឺ មានការកើនឡើងជាលំដាប់ផងដែរ៕