(ភ្នំពេញ)៖ ក្រោយហេតុការណ៍ភ្លើងឆេះតូប ក្នុងផ្សារកណ្ដាល កាលពីវេលាទៀបភ្លឺ ថ្ងៃទី២៣ ខែមករារួចមក លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានអញ្ជើញក្រុមអាជីវកររងគ្រោះ និងអ្នកពាក់ព័ន្ធក្នុងផ្សារ ដើម្បីពិភាក្សាការងារដោះស្រាយបញ្ហា និងផ្លាស់ប្ដូរយោបល់គ្នាទៅវិញទៅមក អំពីការរៀបចំផ្សារកណ្ដាលរាជធានីមួយនេះឡើងវិញ។
កិច្ចប្រជុំខាងលើ ត្រូវបានធ្វើឡើងនៅសាលាខណ្ឌដូនពេញផ្ទាល់ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ដោយផ្តោតលើកិច្ចការដូចជា ការងារជួសជុលផ្សារ រៀបចំឲ្យមានហេដ្ឋារចនាសម្ព័ន្ធល្អឡើងវិញ បង្កភាពងាយស្រួលដល់ការប្រកបអាជីវកម្ម និងការងារជួសជុលកែលម្អផ្សារ ដោយយកលំនាំដូចតាមគំរូផ្សារចាស់។
សូមរំលឹកថា អគ្គិភ័យបានឆាបឆេះផ្សារកណ្តាល ស្ថិតនៅសង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ អស់រយៈពេលជាង១ម៉ោង ដោយចាប់កើតឡើងពីម៉ោង៤៖១៥នាទី រហូតរលត់ទាំងស្រុង នៅវេលាម៉ោង៥៖១៥នាទី ព្រឹកទៀបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ។
សម្រាប់ការខូចខាត មានតូបលក់ដូរចំនួន ១៩តូប ក្នុងនោះ១៦តូបត្រូវបានឆេះបំផ្លាញទាំងស្រុង និង៣តូបទៀត ត្រូវភ្លើងឆេះរោល។
ក្នុងហេតុដ៏ភ័យខ្លាចនោះដែរ កម្លាំងការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន ១៨គ្រឿង ស្មើនឹង១៨ជើង ក្នុងនោះមានរថយន្តអគ្គិភ័យ ក្រសួងមហាផ្ទៃចំនួន២គ្រឿង។
ដោយឡែក ក្រោយបញ្ចប់កិច្ចប្រជុំនាថ្ងៃនេះ លោកអភិបាលខណ្ឌបានសំណូមពរដល់អាជីវករ ៣ចំណុច រួមមាន៖ ១.មិនយកលុយថ្លៃយាមឃ្លប់ពី ៥ឆ្នាំ-១០ឆ្នាំ ទៅតាមទំហំខាតបង់ សម្រាប់ម្ចាស់តូបទាំង១៩, ២.អគ្គិសនីត្រូវសម្រួលដោយឥតគិតថ្លៃសេវាអ្វីទាំងអស់, និង៣.អ្នកម៉ៅការទឹកត្រូវធានាមិនយកសេវាសម្ភារៈតទឹក-ភ្លើងទាំងស្រុង និងទី៤ឯកភាពសង់តូបតាមស្តង់ដារផ្សារចាស់ ដោយម្ចាស់តូបជាអ្នកសាងស់ដោយខ្លួនឯង។
លោក ចាប ឌីណា ប្រធានផ្សារកណ្តាល បានឲ្យដឹងថា ការខូចខាតគិតជាទឹកប្រាក់ដែលមកពីគ្រោះអគ្គិភ័យនេះ មានចំនួប៦៧,៨០០ដុល្លារ៕