(ភ្នំពេញ)៖ ខ្មែរដែលគេតែងឮថា ជាអ្នកមានសីលធម៌ថ្លៃថ្នូរខ្ពង់ខ្ពស់សមជាប្រទេសមានអរិយធម៌ដ៏ចំណាស់នៅអាស៊ីនោះ ប្រហែលជាមិនត្រឹមត្រូវទៀតឡើយ បើតាមការមើលទៅលើសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។
ក្រៅពីការមើលឃើញទង្វើអសីលធម៌ ថោកទាបជាងសត្វតិរច្ឆានក្នុងសង្គមមួយចំនួនដូចជា ការកាប់សម្លាប់សាហាវព្រៃផ្សៃ ការរំលោភសេពសន្ថវៈ ដែលកើតមានស្ទើររាល់ថ្ងៃទៅ នៅតាមបណ្តាញសង្គម Facebook ដែលជាបណ្តាញសង្គមដ៏មានប្រជាប្រិយភាពជាងគេក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ន ការជេរប្រមាថប្រកបដោយភាពអសុរោះក៏កំពុងកើតមានយ៉ាងសន្ធឹកផងដែរ។ ក្នុងចំណោមអ្នកដែលជេរប្រទេចគ្នានោះ ត្រូវបានសង្កេតឃើញថា ភាគច្រើនជាអ្នកមាននិន្នាការនយោបាយមិនស្របគ្នា។
ក្រុមអ្នកមាននិន្នាការនយោបាយមិនស្របគ្នា ហាក់កំពុងយកការជេរប្រទេចគ្នា និងការចេញមកបង្ហាញវោហារស័ព្ទគាំទ្របក្សដែលខ្លួនគាំទ្រ ហើយវាយប្រហារ ឬជេរប្រមាថទៅលើបក្សនយោបាយដែលខ្លួនមិនគាំទ្រ ធ្វើជាអាជីពទៅហើយ។
តាមរយៈបណ្តាញសង្គម ដែលមានភាពទំនើបយុវជន យុវតីជាពលរដ្ឋខ្មែរ បានថតជាវីដេអូបង្ហាញការជេរប្រមាថរបស់ពួកគេបង្ហោះយ៉ាងព្រោងព្រាត ហាក់មិនមានភាពខ្មាសអៀន ហើយដូចជាកំពុងមានមោទនភាពជាមួយថ្វីមាត់ ដែលពួកគេជេរប្រទេចនោះថែមទៀត។
ហេតុអ្វីទង្វើ ដែលសង្គមខ្មែរចាត់ទុកជាទង្វើមិនថ្លៃថ្នូរនេះ ត្រូវបានយកប្រើប្រាស់ដោយភាពអង់អាចក្លាហានក្នុងសង្គមបែបនេះ? មានមូលហេតុមួយចំនួន ដែលជំរុញឲ្យពួកគេធ្វើបែបនេះ៖
ទី១៖ ក្រុមអ្នកយកអាជីពនិយាយលើកជើងបក្សខ្លួនពេញចិត្ត ហើយជេរប្រមាថជាន់ពន្លិចបក្សដែលមិនពេញចិត្ត ឬអាចហៅដោយសាមញ្ញថា ជេរដើម្បីបានប្រជាប្រិយភាព។
ទី២៖ មានអ្នកចាប់យកអាជីពនេះខ្លះ តែងទទួលបានលាភសក្ការៈមួយចំនួនផងដែរពីបក្សដែលពួកគេប្រឹងគាំទ្រនោះ។
សង្គមខ្មែរ ដែលគេធ្លាប់ហៅថា អ្នកមានសណ្តានថ្លៃថ្នូរ គួរតែបញ្ឈប់នូវវប្បធម៌ថោកទាបនេះ បើមិនដូច្នោះតម្លៃសីលធម៌របស់ខ្មែរនឹង អាសោចយ៉ាងសុះសាយជាមិនខាន។ តើត្រូវបញ្ឈប់ទង្វើបន្ថោកតម្លៃសីលធម៌ និងវប្បធម៌របស់ខ្មែរដោយវិធីណា?
ដើម្បីបញ្ឈប់សកម្មភាពនេះ ត្រូវតែបញ្ឈប់ការផ្តល់លាភសក្ការៈទៅឲ្យក្រុម ដែលចូលចិត្តប្រើសណ្តានជាសត្វតិរច្ឆាននេះ។ ទន្ទឹមគ្នានោះមនុស្សក្នុងសង្គម Facebook ក៏ត្រូវតែឈប់បង្ហាញការគាំទ្រចំពោះក្រុមពូកែជេរប្រមាថគ្នានេះ ហើយត្រូវជំនួសដោយការបង្ហាញនូវភាពស្អប់ខ្ពើមចំពោះពួកគេ។
សូមកុំឲ្យមហិច្ឆតានយោបាយបំផ្លាញសង្គមដ៏ថ្លៃថ្នូររបស់សង្គមជាតិ និងកុលបុត្រ កុលធីតាខ្មែរ។ និន្នាការនៃការជេរប្រមាថលើបណ្តាញសង្គម Facebook នឹងធ្វើឲ្យសង្គមខ្មែរបែកបាក់កាន់តែខ្លាំង៕