(ស្វាយរៀង)៖ លោក ជា បូរ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារគណបក្សចុះជួយឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង បានប្រកាសប្រាប់សមាជិក-សមាជិកាបក្សមូលដ្ឋានថា ត្រូវបង្កភាពជិតស្និទ្ធជាមួយប្រជាពលរដ្ឋឲ្យបានល្អ បើមានការឃោសនាបំផ្លើសការពិត ចោទប្រកាន់លើរាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា ត្រូវឆ្លើយតប និងទប់ស្កាត់ជាបន្ទាន់។
ការអំពាវនាវនេះត្រូវបានធ្វើឡើងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយ របស់គណបក្សឃុំស្វាយតាយាន អាណត្តិទី៣ ឆ្នាំ២០១២-២០១៧ និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៍ឃុំ ឆ្នាំ២០១៧-២០២២ ដោយមានការចូលរួមពី លោកស្រី ប្រាក់ ច័ន្ទណយ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយឃុំស្វាយតាយាន សមាជិកក្រុមប្រឹក្សាខេត្ត-ស្រុក និងសមាជិក-សមាជិកាបក្ស សរុបចំនួន៦២៩នាក់ នៅទីស្នាក់គណបក្សឃុំស្វាយតាយាន នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧។
លោក ជា បូរ៉ា បានឲ្យដឹងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំប្រទេសជាតិឈានទៅរកភាពរីកចម្រើនរុងរឿង ប្រកបដោយសុខុដុមនីយកម្ម ជាមួយនឹងសមិទ្ធផលដ៏ល្អប្រសើរ លើគ្រប់វិស័យ ដូចជាពង្រឹង សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ពិសេសបានផ្តល់ភាព អនុគ្រោះដល់ការពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ជាមួយគ្នានេះ លោកក៏បានសំណូមពរដល់លោក លោកស្រី ជាថ្នាក់ដឹកនាំគណបក្សឃុំ លោក លោកស្រី ជាបេក្ខជនសម្រាប់ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ និងមន្ត្រីគណបក្ស ត្រូវបន្តជំរុញនយោបាយភូមិ-ឃុំមានសុវត្ថិភាព ឱ្យបានខ្ជាប់ខ្ជួន ត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ការពារនូវបទល្មើសផ្សេងៗ ពិសេសបញ្ហាគ្រឿងញៀន។ ខិតខំដោះស្រាយសេវាសាធារណៈ តាមគោលការណ៍របស់រដ្ឋ ត្រូវលុបបំបាត់ភាពអសកម្ម ដែលធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ពិសេសត្រូវយកចិត្តទុកដាក់កសាងអំពើល្អ ជាមួយប្រជាពលរដ្ឋ។
បន្តពង្រឹងការកសាង និងគ្រប់គ្រងសមាជិកគណបក្ស ដោយខិតខំកសាងបក្សតាមរយៈយុទ្ធសាស្ត្រ «រក្សាចាស់ កសាងថ្មី»។ ខិតខំធ្វើការឃោសនា ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងសមាជិកគណបក្សបន្តជឿជាក់ លើការដឹកនាំរបស់គណបក្ស ពិសេសដល់ស្រទាប់យុវជន។ លើកកម្ពស់ស្មារតីទទួលខុសត្រូវ និងធ្វើការ ឆ្លើយតបឱ្យទាន់ពេលវេលា រាល់ការឃោសនា អកុសល បំផ្លើសការពិត ចោទប្រកាន់ដល់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា។
លោកបានថ្លែងជំរុញថ្នាក់ដឹកនាំ និងសមាជិកបក្ស ត្រូវបន្តផ្សារភ្ជាប់ជិតស្និទ្ធជាមួយប្រជាជនក្នុងឃុំ និងក្តាប់ឱ្យបានពីតម្រូវការ និងសំណូមពរផ្សេងៗ ដោយត្រូវយកចិត្តទុកដាក់ដោះស្រាយ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ អង្គសន្និបាតក៏បានផ្តល់នូវទំនុកចិត្ត តាមរយៈការបោះឆ្នោតស្ទាប់ស្ទង់មតិដោយសម្ងាត់ របស់សមាជិក-សមាជិកាសន្និបាតជ្រើសរើសបេក្ខជនមានសមត្ថភាព និងលទ្ធភាពពិតប្រាកដ សម្រាប់កិច្ចការងារអាណត្តិបន្តខាងមុខនេះ ដើម្បីបញ្ជាក់ពីការជឿទុកចិត្តជូនប្រជាពលរដ្ឋមូលដ្ឋាន៕