(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានថ្លែងចំណាប់អារម្មណ៍ អំពីការពេញចិត្ត និងកោតសរសើរចំពោះការយកចិត្តទុកដាក់ របស់ក្រុមការងារ Australia Awards Scholarship នៅក្នុងការជួយសម្រួលផ្សព្វផ្សាយ និងសហការលើកកម្ពស់ឱកាសរបស់ជនពិការ នៅក្នុងការទទួលបាននូវអាហាររូបករណ៍ ទៅសិក្សានៅប្រទេសអូស្រ្តាលី។
លោក ឯម ច័ន្ទមករា ក៏បានលើកឡើងអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ក៏ដូចជាក្រុមប្រឹក្សាសកម្មភាពជនពិការ នៅក្នុងការព្យាយាមលើកកម្ពស់តម្លៃរបស់ជនពិការអោយមានការទទួលស្គាល់នៅគ្រប់វិស័យ និងបានចូលរួមនៅគ្រប់វិស័យ តាមរយៈការពង្រឹងសមត្ថភាពរបស់ពួកគាត់។
លោក ឯម ច័ន្ទមករា បានលើកឡើងបែបនេះខណៈលោក ចូលរួមនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ឱកាសអាហាររូបករណ៍អូស្រ្តាលី ដោយសហការជាមួយកម្មវិធីអាហាររូបករណ៍អូស្រ្តាលី ជូនចំពោះជនពិការទូទៅ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
កម្មវិធីសិក្ខាសាលានេះ មានការចូលរួមពី លោក គង់ កានថារ៉ា អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនិងជាក្រុម ការងារសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការ ប្រចាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី Michelle Bonnici ជាមន្រ្តីជំនាញផ្នែកតម្រង់ទិស ជ្រើសរើស និងការរួមបញ្ចូលឡើងវិញរបស់ AAS លោក កង សុធា ប្រធានផ្នែកត្រួតពិនិត្យ និងវាយតម្លៃនៃសមាគមអ្នកជាប់អាហាររូបករណ៍អូស្រ្តាលី និងកញ្ញា អ៊ុង អក្ខរ៉ា ជាមន្រ្តីជំនួយគម្រោងរបស់ AAS ។ នៅក្នុងនោះផងដែរក៏មានការចូលរួមជា ភ្ញៀវកិត្តិយសអំពីសំណាក់ ឯកឧត្តមអគ្គលេខាធិការរង មន្រ្តីធ្វើការជាមួយជនពិការ មន្រ្តីពិការដែលអញ្ជើញមកអំពីបណ្តាក្រសួងនានា និងជនពិការដែលអញ្ជើញមកពីអង្គការនានាផងដែរ។
គោលដៅនៅក្នុងសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ផងដែរគឺដើម្បីចូលរួមនៅក្នុងការលើកកម្ពស់វិស័យពិការភាព និងផ្តល់ឱកាសអោយជនពិការបានទទួលចំណេះដឹង និងព័ត៌មាននានា អំពីកម្មវិធីអាហារូបករណ៍អូស្រ្តាលី ក្នុងការរួមចំណែកជួយដល់សង្គមកម្ពុជាទាំងមូល តាមរយៈការទទួលយកចំណេះដឹងទូលំទូលាយពីបរទេស។ ជាពិសេស គឺការផ្តោតនៅក្នុងការទទួលបាននូវអត្ថប្រយោជន៍ និងសិទ្ធិស្មើគ្នាសម្រាប់ឱកាសទទួលបានការអប់រំ និងការងាររបស់ជនពិការ នៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ ក៏បានធ្វើការផ្តែផ្តាំ និងលើកទឹកចិត្តផងដែរទៅកាន់អង្គពិធីទាំងមូល ជាពិសេសបងប្អូន ជនពិការឲ្យយកចិត្តទុកដាក់នៅក្នុងការត្រង់ត្រាប់ស្តាប់ និងទទួលយកចំណេះដឹងនាពេលនេះសម្រាប់ជាមេរៀននៅក្នុងការដាក់ពាក្យ និងទទួលយកឱកាសទៅសិក្សានៅក្រៅប្រទេស សម្រាប់ទទួលយកចំណេះដឹងមកប្រើប្រាស់សម្រាប់ខ្លួនឯង គ្រួសារ និងចូលរួមនៅក្នុងការកសាងសង្គមជាតិទាំងមូល ពីព្រោះប្រទេសជាតិត្រូវការអ្នកទាំងអស់គ្នា នៅក្នុងការចាប់ដៃគ្នារួមកម្លាំងជាធ្លុងមួយក្នុងការអភិវឌ្ឍ។
លោក ឯម ច័ន្ទមករា ក៏បានសំណូមពរអោយមានការចោទជាសំណួរនានា ចំពោះចម្ងល់ទាក់ទងព័ត៌មានអាហាររូបករណ៍នា ពេលនេះ ពីព្រោះវាពិតជាមានសារៈសំខាន់ សម្រាប់អនាគតរបស់ជនគ្រប់រូប ជាពិសេស បងប្អូនជនពិការនៅក្នុងការ កសាង សមត្ថភាព និងអនាគតរបស់ខ្លួន។
លោកស្រី Michelle Bonnici ជាមន្រ្តីជំនាញផ្នែកតម្រង់ទិស ជ្រើសរើស និងការរួមបញ្ចូលឡើងវិញរបស់ AAS ក៏បានមានមតិចាប់អារម្មណ៍បន្ត ដោយធ្វើការបង្ហាញសង្ខេបទាក់ទងនឹងប្រវត្តិ និងទិសដៅរបស់ កម្មវិធីអាហាររូបករណ៍អូស្រ្តាលី និងការបង្ហាញអំពីចំណាប់អារម្មណ៍ ក្នុងការលើកទឹកចិត្តជនពិការអោយមានការចូលរួមអោយបានច្រើន នៅក្នុងការទទួលយកបទពិសោធន៍ ក្នុងការដាក់អាហាររូបករណ៍នៅពេលនេះ។
នៅក្នុងនោះផងដែរ កញ្ញា អ៊ុង អក្ខរ៉ា ជាមន្រ្តីជំនួយការគម្រោងរបស់ AAS ក៏បានធ្វើបទបង្ហាញនានាទាក់ទងនឹងលក្ខខណ្ឌតម្រូវការ សម្រាប់អាហារូបករណ៍ លក្ខខណ្ឌជ្រើសរើស កម្មវិធីជំនួយផ្សេងៗ សម្រាប់បេក្ខជន និងជំនួយសម្រាប់ការជាប់ជ័យលាភីអាហារូបករណ៍។ នៅក្នុងកម្មវិធីនាពេលនោះផងដែរ ក៏មាននូវកម្មវិធីសំនួរចម្លើយសម្រាប់ចម្ងល់នានា ទាក់ទងនឹងអាហាររូបករណ៍ ទៅបន្តការសិក្សានៅអូស្រ្តាលី៕