(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបញ្ជាក់ប្រាប់នាយទាហានថា ការដែលរាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ បំពាក់ឋានន្តរស័ក្តិដល់នាយទាហាន ដែលចូលបម្រើកងទ័ពការពារជាតិ ចាប់ពីឆ្នាំ១៩៧៩ចុះ ពីព្រោះឆ្នាំ១៩៧៩ ជាឆ្នាំប្រវត្តិសាស្រ្តនៃការរំដោះជាតិ ចេញរបបប្រល័យពូជសាសន៍ ហើយស្វែងរកសុខសន្តិភាពរហូតដល់សព្វថ្ងៃ។
ការបញ្ជាក់ពីការយកចិត្តទុកដាក់នេះ ត្រូវបានធ្វើឡើងក្នុងពិធីជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលបានចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ និងក្រោយឆ្នាំ១៩៧៩ នៅបញ្ជាការដ្ឋានការពារកោះឆ្នេរ នៃកងទ័ពជើងទឹកស្រែខ្លុង ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងនូវគោលនយោបាយមួយចំនួន ប្រាប់ដល់នាយទាហាន នាឱកាសនោះផងដែរ ក្នុងនោះរួមមាន៖
១- ការបំពាក់ឋានន្តរស័ក្តិ ជូននាយទាហានដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ គឺជាគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងចំណោមគោលនយោបាយជាច្រើនទៀត ក្នុងការគិតគូរយកចិត្តទុកដាក់ ចំពោះកម្រិតជីវភាព និងការលើកតម្កើនកិត្តិយស ជូនដល់កងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន តាមរយៈកាដំឡើងប្រាក់បៀវត្សន៍ ការដំឡើងឋានន្តរស័ក្តិ ការផ្តល់ដីសម្បទាន និងការឧបត្ថម្ភផ្សេងៗទៀត។
២- គោលនយោបាយនេះ គឺជាការលើកទឹកចិត្ត និងការទទួលស្គាល់ ចំពោះតម្លៃរបស់នាយទាហាន ក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ ដែលបានចូលរួមស្វែងរកសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនឱ្យរស់នៅក្នុងភាពសុខសាន្ត រហូតដល់សព្វថ្ងៃនេះ។
៣- គោលនយោបាយប្រៀបបាននឹងការសាងសង់ផ្ទះមួយ មិនអាចសាងសង់ជញ្ជាំង ទ្វារ បង្អួច គ្រឹះក្នុងពេលតែមួយនោះទេ។ គោលនយោបាយលើកទឹកចិត្តកងកម្លាំងប្រដាប់អាវុធ មានតាំងពីយូរមកហើយ មិនមែនមានតែពេលនេះទេ គឺយើងបានអនុវត្តជាប់ជាប្រចាំ និងខិតខំអនុវត្តជាបន្តបន្ទាប់។
៤- រដ្ឋមិនអាចបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ ចំនួន៧០០នាក់ ក្នុងពេលតែមួយបានទេ គឺត្រូវធ្វើតាមដំណាក់កាល ហើយនេះគឺជាដំណាក់កាលទី១ នៃការជួបសំណេះសំណាល និងបំពាក់ឋានន្តរស័ក្តិ ជូននាយទាហាន ដែលចូលបម្រើកងទ័ពចាប់ពីឆ្នាំ១៩៧៩ចុះ ហើយដំណាក់កាលទី២ នឹងធ្វើឡើងបន្តទៀត នៅថ្ងៃខាងមុខ។
៥- ការបំពាក់សក្តិជូននាយទាហាន ដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះ នាពេលនេះ គឺជាការផ្តល់ជូនយោធិនគ្រប់ភាគីទាំងអស់ ដោយមិនគិតពីអតីតកាល គឺផ្តល់ជូនក្នុងនាមខ្មែតែមួយ ដែលបានចូលរួមស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជន។
លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ថា «ការដែលរាជរដ្ឋាភិបាលកំណត់ការបំពាក់ឋានន្តរស័ក្តិ ជូនដល់នាយទាហាន ដែលបានចូលបម្រើកងទ័ព ចាប់ពីឆ្នាំ១៩៧៩ចុះនេះ ព្រោះឆ្នាំ១៩៧៩ គឺជាឆ្នាំប្រវត្តិសាស្រ្ត និងជាពេលវេលាដ៏លំបាក នៃការរំដោះប្រទេសជាតិចេញរបបប្រល័យពូជសាសន៍ ហើយស្វែងរកសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ»៕