(បន្ទាយមានជ័យ)៖ យ៉ាងហោចណាស់ មានពលរដ្ឋខ្មែរចំនួន៦នាក់ បានរងរបួសក្នុងចំណោមអ្នកដំណើរជាង១០នាក់ ដែលជិះនៅក្នុងរថយន្តឈ្នួលមួយគ្រឿង ហើយបានផ្ទុះកង់ក្រោយបណ្តាលឲ្យរថយន្តនោះធ្លាក់ផ្លូវតែម្តងនៅខេត្តឈុនបុរី ប្រទេសថៃ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចកម្ពុជា ដែលទទួលបានពីសមត្ថកិច្ចថៃ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ លើកំណាត់ផ្លូវលេខ៣៤៤ ក្បែជើងភ្នំខ្លែង ស្ថិតក្នុងស្រុកណងយ៉ៃ ខេត្តឈុនបុរី ប្រទេសថៃ។
សមត្ថកិច្ចបានបន្តថា ជនជាតិខ្មែរទាំងនោះ មិនមែនជាក្រុមពលករទេ តែជាភ្ញៀវទេសចរណ៍ ចូលទៅលេងនៅក្នុងប្រទេសថៃ ហើយនៅមុនពេលកើតហេតុ គឺពួកគេ ជាមួយជនជាតិថៃ៦នាក់ទៀត បានជិះរថយន្តចេញពីចំណតឈ្លើមថៃស្ថិតក្នុងខេត្តឈុនបុរី ឆ្ពោះទៅកាន់ខេត្តត្រាត។ លុះពេលដែលរថយន្តនេះកំពុងបោះពួយក្នុងល្បឿនយ៉ាងលឿននោះ ក៏ស្រាប់តែកង់ក្រោយផ្នែកខាងឆ្វេង បានផ្ទុះឡើង ធ្វើឲ្យកង់ខាងមុខលេងស្តាប់ការបញ្ជា ព្រមទាំងបានរេធ្លាក់ចេញពីផ្លូវចូលទៅក្នុងប្រឡាយតែម្តង ធ្វើឲ្យអ្នកដំណើរទាំងអស់មានការភិតភ័យ និងរងរបួសធ្ងន់ស្រាល។
ដោយឡែកអ្នកបើកបរដែលជាជនជាតិថៃឈ្មោះ ផនសាវ៉ាត់ បុប្ផាឡា ភេទប្រុស អាយុ៥៨ឆ្នាំ បានស្លាប់នៅក្នុងរថយន្តតែម្តង។ ជនជាតិខ្មែរទាំង៦នាក់ដែលរងរបួសនោះមានឈ្មោះទី១-ឈ្មោះ ស៊ី ឡៃ ភេទស្រី អាយុ៣២ឆ្នាំ ទី២-ឈ្មោះ ឡុង កល្យាណ ភេទស្រី អាយុ២០ឆ្នាំ ទី៣-ឈ្មោះ ញ៉ែម សុភក្តិ ភេទប្រុស អាយុ២៨ឆ្នាំ ទី៤-ឈ្មោះ សន សួន ភេទប្រុស អាយុ៥០ឆ្នាំ ទី៥-ឈ្មោះ ពៅ ក្លឹប ភេទប្រុស អាយុ៥២ឆ្នាំ និង៦-ឈ្មោះ ថា កុសល ភេទប្រុស អាយុ២៤ឆ្នាំ។
ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកណងយ៉ៃ ដើម្បីសង្គ្រោះ ចំណែកសពក៏ត្រូវបានតម្រួតថៃធ្វើការប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕