(កំពង់ស្ពឺ)៖ លោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានថ្លែងថា នៅរសៀថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នេះ កម្លាំងនគរបាលរបស់លោក បានរៀបចំត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅមុខមន្ទីរគមនាគមន៍ ក្នុងក្រុងច្បារមន ដើម្បីចូលរួមកាត់បន្ថយអាត្រាគ្រោះថ្នាក់ដែលកើតមានឡើងជាញឹកញ៉ាប់ នៅក្នុងភូមិសាស្រ្តខេត្តមួយនេះ។
សម្រាប់ការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកនេះ កម្លាំងនគរបាលបានវាស់ជាតិស្រវឹង វាស់ល្បឿនកំណត់ ឆែកឆេររកអាវុធជាតិផ្ទុះ ហើយជាពិសេសនោះ កម្លាំងនគរបាលខេត្តបានឃាត់ក្រុមអ្នកបើកបរដែលសង្ស័យ ឲ្យធ្វើតេស្តរកសារជាតិញៀន ក្នុងខ្លួន។
លោកឧត្តមសេនីយ៍ស្នងការ បានបន្តទៀតថា សម្រាប់ការធ្វើតេស្តទឹកនោម ស្វែងរកសារធាតុញៀន បើសិនជាកម្លាំងរកឃើញមានការប្រើប្រាស់សារជាតិញៀនមែន លោកនឹងកោះហៅ បង ប្អូន សាច់ញាតិ ឬក្រុមហ៊ុនឲ្យមកយករថយន្ត តែចំណែកមនុស្ស មិនអនុញ្ញាតឲ្យត្រឡប់ទៅវិញឡើយ គឺរក្សាទុកសិន តែបើធ្ងន់ធ្ងរ នឹងត្រូវបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។
លោកឧត្តមសេនីយ៍ត្រីស្នងការ បានបញ្ជាក់ថា «ពលរដ្ឋដែលធ្វើដំណើរលើផ្លូវទាំងអស់ ត្រូវចូលរួមឲ្យបានគ្រប់ៗគ្នា ដើម្បីប្រទេសសុខសុវត្ថិភាព មានសណ្តាប់ធ្នាប់ល្អ គ្មានគ្រឿងញៀន ជាពិសេសកាត់បន្ថយនៃកំណើនគ្រោះថ្នាក់ចរាចរណ៍ឲ្យខានតែបានទាំងគ្នា ។ ហើយចំពោះអ្នកដែលបើកបរមិនមានពាក់មួកសុវត្ថិភាព នគរបាលតម្រូវឲ្យទទួលការផាកពិន័យ បើមិនដូច្នេះទេ នគរបាលតម្រូវឲ្យទិញមួកសុវត្ថិភាពភ្លាមៗ នៅកន្លែងត្រួតពិនិត្យតែម្តង»។
ជាមួយគ្នានេះ លោកស្នងការក៏បានស្នើដ៏ទទូចដល់ម្ចាស់រថយន្ត ម្ចាស់ក្រុមហ៊ុនដែលមានរថយន្តធំ ឬតូចបើសិនជាអ្នកបើកបរ ជាប់ពាក់ព័ន្ធសារជាតិញៀន ត្រូវបញ្ឈប់ជាបន្ទាន់ កុំឲ្យបើកបរលើផ្លូវជាតិ ឲ្យបានមុនកម្លាំងនគរបាលចាប់បាន ហើយការដាក់ត្រួតពិនិត្យ និងធ្វើឡើងជារៀងរាល់ថ្ងៃផងដែរ។
សូមបញ្ជាក់ថា នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ តែងតែមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាបន្តបន្ទាប់ ជាពិសេសរថយន្តដឹកកម្មករទៅតាមរោងចក្រតែម្តង ហើយជាក់ស្តែងនាព្រឹកមិញ ក៏មានរថយន្តមួយគ្រឿងដឹកកម្មករបានក្រឡាប់នៅស្រុកសំរោងទង បណ្តាលឲ្យរងរបួសជាច្រើនផងដែរ៕