(ភ្នំពេញ)៖ ក្រុមហ៊ុន Hino Motor ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំមួយរបស់ជប៉ុន បានសម្រេចផ្តល់សិទ្ធិឲ្យក្រុមហ៊ុន HGB CV Co.,ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HGB Group Co., Ltd ចែកចាយរថយន្តម៉ាក Hino នៅក្នុងទីផ្សារប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០១៧នេះតទៅ។

ពិធីប្រកាសផ្តល់សិទ្ធិចែកចាយនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា ក្នុងរាជធានីភីភ្នំពេញ។ លោក ខេនី ហូ (Kenny Ho) នាយកគ្រប់គ្រង HGB បានឱ្យដឹងថា HGB Group បានដំណើរការធុរកិច្ចរថយន្ត ម៉ាកអន្តរជាតិ មានកេរ្តិ៍ឈ្មោះផ្នែកទោចក្រយាន និងរថយន្តដឹកអ្នកដំណើរ ហើយឥឡូវនេះបានសហការជាមួយក្រុមហ៊ុន HINO ប្រទេសជប៉ុន នាំចូល និងចែកចាយរថយន្តពាណិជ្ជកម្មគុណភាពខ្ពស់ម៉ាកហីណូបន្ថែមទៀត ដើម្បីបំពេញតម្រូវការកំពុងតែ កើនឡើងលើផ្នែកដឹកជញ្ជូនជារៀងរាល់ថ្ងៃ។

លោកបានថ្លែងថា លទ្ធផលផ្លែផ្កាដ៏ជោគជ័យនេះ ផ្តើមចេញពីកម្ពុជា មានកំណើនសេដ្ឋកិច្ច ស្ថិរភាពនយោបាយល្អប្រសើរ និង អន្តរជាតូបនីយកម្ម ខណៈកម្ពុជាបាននិង កំពុងដើរតួនាទីយ៉ាងសំខាន់ទាំងថ្នាក់តំបន់ និងអន្តរជាតិ។ បើតាមលោក Kenny Ho តាមរយៈការចាប់ដៃគូររវាងក្រុមហ៊ុនជប៉ុន និងកម្ពុជាខាងលើនេះ ជាសញ្ញាវិជ្ជមានក្នុងការពង្រីកម៉ាក Hino ឲ្យក្លាយទៅជាគ្រួសារ HGB Group ដោយស្វ័យប្រវត្តិ ដើម្បីបម្រើអតិថិជនទាំងសេវាកម្ម និងគុណភាព។

ចំណែកលោក តូស៊ី យ៉ាគី យ៉ាស៊ូដា (Toshiaki Yasuda) នាយកគ្រប់គ្រងទូទៅទទួលបន្ទុកទីផ្សារក្រៅប្រទេស នៃក្រុមហ៊ុន Hino Motor LTD បានឲ្យដឹងថា Hino Motor Ltd., ជាបុត្រសម្ព័ន្ធរបស់ Toyata  Group ហើយបេសកកម្មរបស់ក្រុមហ៊ុននេះធ្វើឲ្យ ពិភពលោក ក្លាយជាកន្លែងល្អប្រសើរក្នុងការរស់នៅតាមរយៈការជួយមនុស្ស និងទំនិញបានទៅដល់កន្លែង ដែលគេត្រូវការ ដោយសុវត្ថិភាពសន្សំសំចៃ ជាមួយការទទួលខុសត្រូវបរិស្ថាន និង និរន្តរភាព។

លោកថា នៅប្រទេសជប៉ុន Hino ជាក្រុមហ៊ុននាំមុខគេ រក្សាចំណាត់ថ្នាក់លេខ១ សម្រាប់ការផលិតរថយន្តដឹកទំនិញធន់ធ្ងន់ និងមធ្យម អស់រយៈពេល៤៣ឆ្នាំមកហើយ។ លើសពីនេះទៅទៀត ហ៊ីណូ ទទួលចំណាត់ថ្នាក់លេខ២ សម្រាប់ដឹកទំនិញធុនតូចនៅក្នុង ទីផ្សារប្រទេសជប៉ុន។

ចំណែកទីផ្សារក្រៅស្រុកវិញ ទទួលបានចំណាត់ថ្នាក់ម៉ាកល្អក្នុងប្រទេសអាស៊ាន ដូចជា ថៃ ឥណ្ឌូនេស៊ី និងវៀតណាម។ លោក តូស៊ី យ៉ាគី យ៉ាស៊ូដា(Toshiaki Yasuda) បានចាត់ទុកទីផ្សារអនុតំបន់ទន្លេមេគង្គ រួមតាំងទីផ្សារកម្ពុជា ជាតំបន់សេដ្ឋកិច្ចដ៏សំខាន់។

លោក តូស៊ី យ៉ាគី យ៉ាស៊ូដា បានថ្លែងរំពឹងថា តាមរយៈការចាប់ដៃគូសហការជាមួយក្រុមហ៊ុន HGB CV Co.,ltd នាថ្ងៃនេះ និងធ្វើឲ្យកិត្តិស័ព្ទរបស់រថយន្ត Hino កាន់តែរីកចម្រើន និងគាំទ្រពីអតិថិជនកម្ពុជា ខណៈវិស័យដឹកជញ្ចូនទាំងធន់ធ្ងន់ និងធនមធ្យមនៅកម្ពុជា កំពុងមានតម្រូវការយ៉ាងខ្លាំង៕