(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្ដុះបណ្ដាល បដិសណ្ឋារកិច្ច សេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ដែលមានសិក្ខាកាមចូលរួមចំនួន ១៦៧នាក់ ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ និងពង្រឹងគុណភាពសេវាកម្ម នៅតាមបណ្ដាមូលដ្ឋានអាជីវកម្ម មណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យ ឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ដែលកំពុងកើនឡើងឥតឈប់ឈរ។
វគ្គបណ្តុះបណ្តាលនេះ ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងរបស់លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក ឈឹម សុខជិន ប្រធាននាយកដ្ឋានអប់រំ និងបណ្ដុះបណ្ដាល លោកស្រី គឹម សុវណ្ណា ប្រធានមន្ទីទេសចរណ៍រាជធានីភ្នំពេញ លោក ឡី សុភាព នាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៦ ខែមករា ឆ្នាំ២០១៧ នៅសណ្ឋាគារហាយស្កាយ។
លោក ប៉ាក់ សុខុម បានឲ្យដឹងថា «ការបើកវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច សេវាកម្មមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យនេះ គឺជាការឆ្លើយតបនឹងកំណើនភ្ញៀវទេសចរ ដែលមកទស្សនាកម្ពុជា ទាំងក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ដែលមានចំនួនកើនឡើងជាបន្តបន្ទាប់។ ដោយឈរលើគោលការណ៍នៃការអភិវឌ្ឍទេសចរណ៍ ប្រកបដោយនិរន្តភាព កម្ពុជាសង្ឃឹមថា នឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៧លាននាក់ នៅឆ្នាំ២០២០ ដោយនាំមកនូវចំណូលសេដ្ឋកិច្ចជាតិ ៥ពាន់លានដុល្លារ និងបង្កើតការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋ ប្រមាណ១លាននាក់»។
លោកបានបន្តប្រាប់ដល់សិក្ខាកាមថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ បានដាក់ចេញគោលនយោបាយពង្រឹងវិស័យទេសចរណ៍ ចំនួន៤ចំណុច រួមមាន៖ ១.ពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ដោយបង្កើតឱ្យមានស្ដង់ដារគ្រប់សេវាកម្មទេសចរណ៍ ក្រោមពាក្យថា «សេវាមួយ ស្ដង់ដារមួយ», ទី២.ចុះធ្វើការបណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពជំនាញវិជ្ជាជីវៈទេសចរណ៍ ដោយបានដាក់ចេញនូវយុទ្ធនាការមួយ ក្រោមពាក្យថា «បុគ្គលិកម្នាក់ ជំនាញមួយ», ទី៣.ផ្សព្វផ្សាយ និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ប្រកបដោយការច្នៃប្រឌិតថ្មី និងសម្បូរបែបជាច្រើន, និងទី៤.ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍។
លោកបានបន្តថា នៅពេលដែលកំណើនទេសចរ ចូលមកកម្ពុជាកាន់តែច្រើន តម្រូវការអ្នកផ្តល់សេវាកម្មកាន់តែច្រើន ដូច្នេះការបណ្តុះបណ្តាលធនធានមនុស្ស លើជំនាញវិជ្ជាជីវៈទេសចរណ៍ គឺជាកត្តាដ៏ចម្បង។ ក្នុងន័យនេះ ដើម្បីផ្តល់សេវាកម្មប្រកបដោយទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅដល់ទេសចរ គឺត្រូវការធនធានមនុស្សមានសមត្ថភាព មានការទទួលខុសត្រូវខ្ពស់ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។
លោក ឈឹម សុខជិន បានឲ្យដឹងដែរថា ក្នុងវគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមគ្រប់គ្នាត្រូវតែយកចិត្តទុកដាក់សិក្សាស្វែងយល់ឲ្យបានហ្មត់ចត់ និងលើកជាសំនួរឲ្យបានច្រើន បើមានចម្ងល់ណាមួយ ដើម្បីពង្រីកចំណេះដឹង និងជំនាញរបស់ខ្លួនបន្ថែម ស្របតាមគោលការណ៍ដែលបានដាក់ចេញ ហើយពេលត្រឡប់ទៅកន្លែងធ្វើការវិញ ត្រូវជួយបង្ហាត់បង្រៀនបន្តដល់បុគ្គលិកដទៃទៀត ក្នុងអង្គភាពរបស់ខ្លួន ដែលមិនបានមកចូលរួម នាឱកាសនេះ។
លោក ប៉ាក៉ សុខុម ក៏បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការសិក្សា សំដៅធ្វើយ៉ាងណាក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមនឹងមានចំណេះដឹងទូលំទូលាយ សមត្ថភាពគ្រប់គ្រាន់ និងមានជំនាញវិជ្ជាជីវៈពិតប្រាកដ អាចបម្រើការងារក្នុងវិស័យទេសចរណ៍កម្ពុជា បានយ៉ាងល្អប្រសើរ៕