(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ កងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ ៣០នាក់ បានចុះជួយលើកផ្ទះជូនប្រជាពល រដ្ឋក្រីក្រមួយគ្រួសាររស់នៅភូមិបុស្សធំ ឃុំប្រមេ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ។
លោកវរៈសេនីយ៍ឯក ហែម ផល្លី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ដែលបានដឹកនាំកងកម្លាំងអាវុធហត្ថ ចុះលើកផ្ទះជូនប្រជាពលរដ្ឋបានឲ្យដឹងថា ក្រៅពីការងារបង្ការបង្ក្រាបបទល្មើសផ្សេងដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ អាវុធហត្ថខេត្តព្រះវិហារក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ផែនការដល់មន្ត្រីអាវុធហត្ថទាំងអស់ត្រូវយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ និងបម្រើកិច្ចការសង្គមផ្សេងៗទៅតាមអ្វីដែលអាចធ្វើទៅបាន។
ដោយឈរលើស្មារតីនេះ ទើបកងកម្លាំងអាវុធហត្ថខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមករា នេះ បានចុះជួយលើកផ្ទះមួយខ្នងជូនប្រជាពលរដ្ឋមួយគ្រួសារ ដែលមានជីវភាពលំបាករស់នៅផ្ទះខ្ទមតូចចង្អៀតជាមួយកូន៦នាក់។ នេះជាការបញ្ជាក់បន្ថែមរបស់លោកវរៈសេនីយ៍ ឯក ហែម ផល្លី។
លោក ភិន ភឿន អាយុ ៥២ឆ្នាំ មានភរិយាឈ្មោះ ព្រំ ធី អាយុ ៤៥ឆ្នាំ ដែលជាម្ចាស់ផ្ទះបានសំដែងក្តីរំភើបរីករាយ ចំពោះកម្លាំងកងរាជអាវុធហត្ថខេត្ត ដែលបានចុះជួយលើកផ្ទះជូនពួកគាត់ឲ្យបានរស់នៅសមរម្យ។
លោក ភិន ភឿន បានបញ្ជាក់ដូច្នេះ «គ្រួសាររបស់ខ្ញុំក្រីក្រណាស់ រស់នៅមានគ្នាច្រើនក្នុងខ្ទមចង្អៀត។ លុះពេលសន្សំឈើធ្វើផ្ទះបានហើយគ្មានប្រាក់ជួលជាងនោះទេ ពេលឃើញមន្ត្រីអាវុធហត្ថចុះមកជួយបែបនេះ ខ្ញុំមានចិត្តរំភើបណាស់ គ្មានអ្វីសងគុណដល់មន្ត្រីអាវុធហត្ថខេត្តទេ មានតែម្រាមដៃ១០លើកប្រណម្យបួងសួងដល់អស់វត្ថុសាកសិទ្ធិសូមជួយបីបាច់ថែរក្សាលោកមេបញ្ជាការ មេបញ្ជាការរងនិងមន្ត្រីអាវុធហត្ថទូទាំងខេត្តព្រះវិហារមានតែសេចក្តីសុខ»៕