(ភ្នំពេញ)៖ អនុប្រធានសាលាឧទ្ធរណ៍លោកចៅក្រម សេង ស៊ីវុត្ថា បានសម្រេចតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ពោលគឺ ផ្តន្ទាទោសបុរសចំណាស់ម្នាក់ ដាក់ពន្ធនាគាររយៈពេល៥ឆ្នាំ តែអនុវត្តក្នុងពន្ធនាគារ២ឆ្នាំ ករណីក្លែង ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរត់ការឲ្យជនបរទេសបានចូលជាសញ្ជាតិខ្មែរ តែមិនបានសម្រេច។
លោកចៅក្រម សេង ស៊ីវុត្ថា សម្រេចបែបនេះ នៅរសៀលថ្ងៃ២៣ ខែមករា ឆ្នាំ២០១៧ ដោយទុកសិទ្ធិឲ្យជនជាប់ចោទប្តឹងសាទុក្ខតាមកំណត់ច្បាប់។ ក្រោយការសម្រេចនេះ ជនជាប់ចោទពុំបានអត្ថាធិប្បាយជាមួយអ្នកសារព័ត៌មាននោះទេ។ បុរសរូបឈ្មោះ ឆេង ភិរម្យ អាយុ៥៤ឆ្នាំ។
ក្នុងពេលសវនាការកន្លងមក ឈ្មោះ ឆេង ភិរម្យ សារភាពថា បានស្គាល់ដើមបណ្ដឹងតាមរយៈ ឈ្មោះ ឃឹម សុជាតិ ដែលជាសាក្សី ក្នុងសំណុំរឿងនេះ បន្ទាប់មកដើមបណ្ដឹងបានពឹងពាក់គាត់ ឲ្យជួយរត់ការចូលជាសញ្ជាតិខ្មែរ ឲ្យមិត្តភក្ដិរបស់ដើមបណ្ដឹងដែលមាន សញ្ជាតិចិនកាត់ម៉ាឡេស៊ី ដោយបានប្រគល់លុយ សម្រាប់រត់ការចំនួន១ម៉ឺន៧ពាន់ដុល្លារ ហើយគាត់បានឲ្យលុយនោះបន្តទៅឲ្យ ឈ្មោះ ជា រ័ត្ន ដោយឈ្មោះ ជា រ័ត្ន បានសន្យាថា រយៈពេល១ខែ និងប្រគល់ ស.ជ.ណ ពាក់ព័ន្ធនឹងការចូលជាសញ្ជាតិខ្មែរឲ្យ។
លោក គឹម សុគន្ធា ជាដើមបណ្ដឹងធ្លាប់បានឲ្យដឹងថា ឈ្មោះ ឆេង ភិរម្យនិងឈ្មោះជា រ័ត្ន បានប្រគល់ ស.ជ.ណ ពាក់ព័ន្ធនឹងការប្តូរសញ្ជាតិនោះ គឺគ្រាន់តែជាលិខិតមួយមានអក្សរសខ្មៅប៉ុណ្ណោះ ហើយគាត់បានសុំឲ្យជនជាប់ចោទ ឆេង ភិរម្យ និងឈ្មោះ ជា រ័ត្ន ប្រគល់លិខិត ស.ជ.ណ ជាលិខិត ព្រីនជាកូល័រ ឲ្យបានត្រឹមត្រូវ ដើម្បីយកទៅឲ្យមិត្តភក្ដិដែលមានសញ្ជាតិចិនកាត់ម៉ាឡេស៊ី។
ប៉ុន្តែឈ្មោះ ជា រ័ត្ន ដែលជាអ្នករត់ការក្នុងសំណុំរឿងនេះចេះតែឲ្យដើមបណ្ដឹងរង់ចាំម្តងជាពីរដង។ លុះមួយខែក្រោយមកឈ្មោះ ជា រ័ត្ន បានបិទទូរស័ព្ទ ហើយដើម បណ្ដឹងចេះតែទាក់ទងមិនចូលទើបខ្លួនសង្ស័យថា ស.ជ.ណ ដែលជនជាប់ចោទ និងឈ្មោះ ជា រ័ត្ន ឲ្យជា ស.ជ.ណ ក្លែងក្លាយ រួចដើមបណ្ដឹងបានយក ស.ជ.ណ នោះ ទៅផ្ទៀងផ្ទាត់ជាមួយ និងមន្ត្រីពាក់ព័ន្ធ ហើយមិនមាន ស.ជ.ណ នោះនៅ ក្នុងបញ្ជីឡើយ ទើបដើមបណ្ដឹង ប្តឹងទៅសមត្ថកិច្ច បានឃាត់ខ្លួនជនជាប់ចោទឈ្មោះ ឆេង ភិរម្យ ហើយឈ្មោះ ជា រ័ត្ន បានរត់គេចខ្លួនមកដល់បច្ចុប្បន្ន៕