(ភ្នំពេញ)៖ បុរសម្នាក់ដែលគេស្គាល់ថា ជាមនុស្សត្រឹមត្រូវ ថែមទាំងរៀនសូត្រពូកែចេះនិយាយច្រើនភាសា ដោយសារការខិតខំរៀនខ្លាំងពេក បានធ្លាក់ខ្លួនឈឺទៅជាមនុស្សសសៃប្រសាទ ត្រូវបានអ្នកភូមិប្រទះឃើញសាកសព ដេកស្លាប់យ៉ាងអាណោចអាធ័ម នៅតាមបណ្តោយផ្លូវដែក ហើយសាកសពស្ថិតក្នុង ស្ថានភាពបែកក្បាល ដាច់ដៃ និងដាច់ប្រអប់ជើង។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវដែលខ្សែភ្នំពេញ-បាត់ដំបង ត្រង់ចំណុចភូមិសក្ដិប្រយុទ្ធ សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ។
បើតាមសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះខាងលើ ឈ្មោះ ឡេង កុសល អាយុ៣២ឆ្នាំ មានជម្ងឺសសៃប្រសាទរយៈពេល៨ឆ្នាំកន្លងមក ហើយនិងមានទីលំនៅក្នុងភូមិទួលលៀប សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ត្រូវឡូរីដឹកឈើបើកកិនបណ្ដាលឲ្យដាច់ដៃស្ដាំ និងប្រអប់ជើងខាងឆ្វេង ព្រមទាំងបែកក្បាលស្លាប់នៅក្នុងថ្លុកឈាម។
ប្រជាពលរដ្ឋក្នុងភូមិបានបញ្ជាក់ឲ្យដឹងផងដែរថា កាលពីមុនបុរសខាងលើ គឺជាមនុស្សត្រឹមត្រូវ ថែមទាំងរៀនសូត្រពូកែចេះនិយាយច្រើនភាសា ក្រោយមកប្រហែល ជាដោយសារការខិតខំរៀនខ្លាំងពេក បានក្លាយជាធ្លាក់ខ្លួនឈឺជំងឺលែងប្រក្រតី ទៅជាមនុស្សសសៃប្រសាទតែម្តង។
ពលរដ្ឋបានបន្ថែមទៀតថា បុរសនោះតែងតែដើរចេញពីផ្ទះបាត់ៗ ហើយដើរតែដេកនៅ ខាងក្រៅផ្ទះរហូត ចំណែកក្រុមគ្រួសារបានតាមរកគ្រប់ពេល ជួនកាលបានរកឃើញ និងហៅឲ្យត្រឡប់ទៅផ្ទះវិញ និងពេលខ្លះតាមរកមិនឃើញក៏ បណ្ដោយឲ្យដេកតាមព្រៃនិង តាមវាលតាមផ្សៃតែម្តងទៅ៕