(ភ្នំពេញ)៖ អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា រួមជាមួយលោកអភិបាលរង និងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស និងពិនិត្យផ្លូវបេតុង០១ខ្សែដែលទើបស្ថាបនារួចមានប្រវែង៤៥០ម៉ែត្រ ទទឹង០៤ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌដង្កោ ឆ្នាំ២០១៦។
លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន និងបានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ ក្នុងមូលដ្ឋាន តួយ៉ាងផ្លូវបេតុងថ្មី ដែលទើបបានស្ថាបនារួចនាពេលនេះ គឺបានជួយសម្រួលដល់ការធ្វើដំណើរប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូន និងធ្វើឲ្យមានផាសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។
បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវនេះ បានអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ទាំងអស់ដែលបានយកចិត្តទុកដាក់គិតគូរពីការលំបាក របស់ប្រជាពលរដ្ឋ និងបានជួយដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា៕