(ភ្នំពេញ)៖​ បន្ទាប់តូបលក់ដូរនៅក្នុង ផ្សារកណ្តាលចំនួន១៧តូប ត្រូវបានភ្លើងឆេះបំផ្លាញ និងឆេះរោលនៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ អភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស អមដំណើរដោយអភិបាលរង អភិបាលខណ្ឌ បានចុះទៅពិនិត្យ មើលផ្ទាល់ នៅកន្លែងកើតហេតុ ដែលបានក្លាយជាផេះផង់។

នៅក្នុងឱកាសនោះលោក ប៉ា​​ សុជាតិវង្ស បានជំរុញឲ្យបងប្អូនអាជីវករ ចូលរួមទៅលើគម្រោងវិនិយោគរបស់សាលារាជធានី បើចង់ឲ្យមានសោភ័ណភាព ល្អ ជាពិសេសដើម្បីបង្ការហានិភ័យផ្សេងៗ ដែលកើតឡើងជាយថាហេតុ។ កន្លងមកដោយសារតែ មិនមានការយល់ព្រមពីអាជីវករ ទើបអាជ្ញាធរដកថយវិញ ប៉ុន្តែជាទឹកចិត្តសាលារាជធានីភ្នំពេញ ចង់ឲ្យផ្សារនេះស្អាត។

លោកអភិបាលរាជធានីភ្នំពេញ បានថ្លែងទៅកាន់ក្រុមអាជីវករយ៉ាងដូច្នេះថា «នៅស្រុកគេ គេស្អាតអស់ហើយ នៅតែស្រុកយើង យើងចង់ស្អាត តែបងប្អូនមិនព្រម។ ឥឡូវឧបមាថា ខ្ញុំយកប្លង់ទាំងមូលឲ្យបងប្អូនមើល មើលរួចនរណានៅកន្លែងណា គឺនៅកន្លែងនោះ ដូចដែលយើងបានសន្យាជាមួយគ្នា សង់ហើយចូលលក់វិញ អត់អស់លុយមួយរៀលទេ»

លោក ប៉ា សុជាតិវង្ស បានស្នើឲ្យមានការតបណ្តាញចរន្តអគ្គិសនីឲ្យល្អ កុំមានរប៉ាត់រប៉ាយដូចសព្វថ្ងៃនេះទៀត។ សូមបញ្ជាក់ថា អគ្គិភ័យដែលបានឆាបឆេះផ្សារកណ្តាល អស់រយៈពេល មួយម៉ោង នៅព្រឹកទៀបភ្លឺថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ គឺតូបលក់ដូរ ចំនួន១៤តូប ត្រូវបានឆេះបំផ្លាញទាំងស្រុង និង៣តូបទៀតត្រូវភ្លើងឆេះរោល។

លោក ព្រហ្ម យ៉ត នាយការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងថា មូលហេតុដែលនាំឲ្យ មានគ្រោះអគ្គិភ័យនេះ ជាជំហ៊ានដំបូង សង្ស័យមកពីឆ្លងចរន្តអគ្គិសនី។ សម្រាប់ប្រតិបត្តិការ ពន្លត់អគ្គិភ័យនេះវិញកម្លាំងសមត្ថកិច្ច របស់លោក បានប្រើរថយន្តពន្លត់អគ្គិភ័យចំនួន១៨គ្រឿង ស្មើនឹង១៨ជើង។

ជាមួយនឹងគ្រោះអគ្គិភ័យនេះ លោក ចាប ឌីណា ប្រធានផ្សារកណ្តាល បានថ្លែងអំណរគុណដល់កងកម្លាំងសមត្ថកិច្ច បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ដែលបានចូលរួមពន្លត់ ដើម្បីកុំឲ្យរីករាលដាលកាន់តែខ្លាំង ហើយបានរលត់ទៅជាស្ថាពរ រយៈពេលមួយម៉ោងក្រោយ។

លោក ចាប ឌីណា ប្រធានផ្សារកណ្តាល បានឲ្យដឹងថា នៅវេលាម៉ោង៣រសៀលថ្ងៃនេះ នឹងមានការជួបប្រជុំគ្នា រវាងអាជីវកររងគ្រោះ និងអាជ្ញាធរខណ្ឌដូនពេញ ដើម្បីរៀបចំសាងសង់ឡើងវិញ៕