(សៀមរាប)៖ ថ្នាក់ដឹកនាំសំខាន់ៗនៃអាយស៊ីស៊ីអង្គរ (ICC) រួមមាន អាជ្ញាធរជាតិអប្សរា តំណាងអង្គការយូណេស្កូ និងសហប្រធាន អាយ ស៊ី ស៊ី អង្គរបារាំង និងជប៉ុន បានជួបពិភាក្សាគ្នា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នាទីស្នាក់ការអាជ្ញាធរជាតិអប្សរា។
ជំនួបចតុភាគីនេះ តែងតែប្រព្រឹត្តទៅនៅរៀងរាល់មុនកិច្ចប្រជុំពេញអង្គ និងកិច្ចប្រជុំបច្ចេកទេសនៃគណៈកម្មាធិការ ICC ដើម្បីកំណត់ទិសដៅរបៀបវារៈ លើប្រធានបទ ជាពិសេសដើម្បីពិនិត្យវាយតម្លៃពីប្រសិទ្ធភាព ទៅលើអនុសាសន៍ ដែលធ្លាប់ផ្តល់ដោយអ្នកជំនាញការជាន់ខ្ពស់កន្លងមក។
កិច្ចប្រជុំ អាយ ស៊ី ស៊ី អង្គរ គឺជាកិច្ចប្រជុំដ៏សំខាន់បំផុត នៃការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌពិភពលោកអង្គរ។ ដូច្នេះហើយមុននឹងសម្រេចប្រធានបទ ឬរបៀបវារៈនៃកិច្ចប្រជុំនេះ ភាគីទាំង៤ ដែលជាថ្នាក់ដឹកនាំកិច្ចប្រជុំអាយស៊ីស៊ីអង្គរ តែងជួបពិភាក្សាគ្នាយ៉ាងតិច៣ទៅ៤ដង មុននឹងកិច្ចប្រជុំចូលមកដល់។
ជំនួបពិភាក្សានេះដែរ ក៏តែងតែពិនិត្យទៅលើសំណើ នៃគម្រោងថ្មីៗក្នុងតំបន់អង្គរ ដែលនឹងត្រូវដាក់ជូនអង្គប្រជុំអាយស៊ីស៊ីអង្គរ នាពេលខាងមុខ ដើម្បីវាយតម្លៃពីស្ថានភាពទូទៅ នៃគម្រោងផ្សេងៗថា តើគួរចាត់បញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំដែរឬទេ?
សូមបញ្ជាក់ថា គណៈកម្មាធិការ អាយ ស៊ី ស៊ី អង្គរ នឹងរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី២៧ និងកិច្ចប្រជុំពេញអង្គលើក២៣ នៅថ្ងៃទី២៤-២៥ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ កិច្ចប្រជុំនេះនឹងប្រារព្ធឡើងក្រោមអធិបតីភាព សហប្រធានទាំងពីរ គឺឯកអគ្គរដ្ឋទូតប្រទេសបារាំង និងឯកអគ្គរដ្ឋទូតប្រទេសជប៉ុន និងប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិអប្សរា៕