(ភ្នំពេញ)៖ វិស្វករយន្តហោះដែលជាអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក លោក នាង សាវុន នៅពេលថ្មីៗនេះបានប្រកាសបោះទុន ដើម្បីផលិតខ្សែភាពយន្តពីររឿង ចម្លែងៗដែលមានចំណងជើងថា «កូនក្រកខ្មៅ» និង «កូនទិព្វសូដាច័ន្ទវង្វេងភព» ដែលត្រៀមចេញថតនៅក្នុងពេលឆាប់ៗខាងមុខនេះ។
ចាងហ្វាងផលិតកម្មក្រៅស្រុក លោក នាង សាវុន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា «តាមពិតទៅខ្ញុំមិនមែនជាអ្នកសិល្បៈទេ ពោលគឺខ្ញុំជាវិស្វករផលិតយន្តហោះ នៅអាមេរិក តែដោយសារតែចិត្តស្រលាញ់ និងឃើញថាការផលិត ខ្សែភាពយន្តនៅកម្ពុជា នៅមានកម្រិតទើបខ្ញុំទើបខ្ញុំសម្រេចចិត្តបោះទុន នូវទឹកប្រាក់ជាច្រើន ក៏ដូចជាទាក់ទងទៅអ្នកថតពីអាមេរិក និងមានការសហការពី អ្នកដឹកនាំល្បីឈ្មោះ នៅស្រុកខ្មែរផលិតខ្សែភាពយន្តទាំងពីរនេះឡើង»។
លោកថា សាច់រឿងទាំងពីរនេះ គឺជាការនិពន្ធផ្ទាល់ដៃ ដោយមានពិនិត្យយ៉ាងម៉តចត់ មុននិងប្រកាសថារឿង ដែលមានសាច់រឿងចម្លែករបស់លោកទាំងពីរ គឺនឹងជោគជ័យក្នុងវិស័យភាពយន្ត នៅក្នុងប្រទេសកម្ពុជា។ រឿង «កូនក្រកខ្មៅ» ដែលនិយាយពីរកូនភ្លោះ ដែលម្នាក់ជាពស់កាចសាហាវ និងម្នាក់ទៀតជាមនុស្សហើយសាច់រឿងនេះជាប្រភេទសាច់រឿងប្លែកមានជំនឿបែបអបិយជំនឿបុរាណ និងរឿង «កូនទិព្វសូដាច័ន្ទវង្វេងភព» ដែលនិយាយពីការឆ្លងភព របស់មនុស្សក្នុងរឿង និទានកាលពីសម័យដើម ចូលក្នុងសម័យទំនើបដែលមានពេលវេលាខុសគ្នា ប្រមាណជិត១ពាន់ឆ្នាំ ជាប្រភេទរឿងបែបកំប្លែង៕