(កណ្តាល)៖ នាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង​ បានដឹកនាំក្រុមការងារ ដង្ហែរអង្គផ្កាប្រាក់ និងនាំយកថវិកាចំនួន២០០លានរៀល ដែលជាអំណោយ សម្តេចតេជោ ហ៊ុន សែន និង សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប្រគល់ជូនមេជាងសំណង់ ដើម្បីកសាងបង្ហើយវិទ្យាល័យ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពោអណ្តែត នៅខេត្តកណ្តាល នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ។

ក្រៅពីការប្រគល់ថវិកានេះនាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ជិត៤០០០នាក់ ដែលស្ថិតក្នុង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលផងដែរ។

បន្ថែមពីលើនេះ ក្រោយពីស្តាប់​របាយការណ៍ លោក​ បូ ណារ៉េត អភិបាលស្រុករួចមក​ នាយឧត្តមសេនីយ៍ ក៏បាននាំនូវការផ្តាំផ្ញើការសាកសួសុខទុក្ខ ពីសំណាក់សម្តេច ពញាចក្រី ហេង សំរិន, សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនចំពោះពុកម៉ែបងប្អូន កងកម្លាំងប្រដាប់អាវុធ អជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ និង សិស្សានិសិស្សផងដែរ។

នាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង​ បានថ្លែងនូវការកោតសរសើ​រ ដល់លោកអភិបាលស្រុក ក្រុមប្រឹក្សាស្រុក  ក្រុមប្រឹក្សាឃុំ ក៏ដូចជា កងកម្លាំងប្រដាប់ និងប្រជាការពារ ទាំងអស់ ដែលខិតខំបំពេញការងារ ដែលបានចូលរួម ថែរក្សា ការពារ ជួយកសាង​ អភិវឌ្ឍ​នូវសមិទ្ធផលជាច្រើន។

ឆ្លៀតក្នុងឱកាសនោះ នាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង បានលើកឡើងពីប្រវត្តិដ៏ជូជត់ និងទុក្ខវេទនាបំផុតដែលប្រជាពលរដ្ឋ កម្ពុជាបានជួប ប្រទះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត​ ជាក់ស្តែង​វត្តអារាម និងសាលារៀនទូទាំងស្រុកកណ្តាលស្ទឹងនេះ តែម្តងត្រូវបានបំផ្លាញខ្ទេចខ្ទី​ គ្មានសល់ទេ ក្នុងកាលៈទេសៈដ៍សែនលំបាកវេទនា ពុំដែលឃើញមានគណបក្សនយោបាយ ឬជនមួយចំនួនដែលអះអាងថា ជាអ្នកស្នេហាជាតិចេញមុខ មកសង្គ្រោះជាតិនោះទេ គឺមានតែសម្តេចទាំងបីដែលដឹកនាំរំដោះ និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ​ពីគំនរផេះផង់​។ នាយឧត្តមសេនីយ៍ ហ៊ីង​ ប៊ុនហៀង បានបញ្ជាក់ជូន​ ពុក​ ម៉ែ​ បង​ ប្អូន​ថា​ បើគ្មានថ្ងៃ​ ៧​ មករា​ទេ​ ក៍គ្មាន កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ក៍គ្មាន សិទ្ធមនុស្ស គ្មានសិទ្ធរស់រានមានជីវិត សិទ្ធផ្សេងៗ ហើយក៏គ្មាន​សុខសន្តិភាព​ ស្ថេរភាព​ និងការអភិវឌ្ឍ​រីកចម្រើន​លូតលាស់លើគ្រប់វិស័យ​​ ដូចសព្វថ្ងៃនេះនោះដែរ។

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍​ ហ៊ីង​ ប៊ុនហៀង បានប្រគេនបច្ច័យសម្រាប់វត្តពោធិ៍អណ្តែត ចំនួន១០លានរៀល ថវិកាសម្រាប់ជាងកសាងវិទ្យាល័យ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ពោធិ៍អណ្តែត ចំនួន ២០០លានរៀល។ក្រៅពីនោះ លោកក៍បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូ សិស្សានិសិស្សអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋផងដែរ៕