(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងថា កាកបាទក្រហមកម្ពុជា បានរួមសហការ ជាមួយគណៈកម្មាធិការអន្ដរជាតិ កាកបាទក្រហម (ICRC) យ៉ាងស្អឹតរមួត ជាមួយគ្នារហូតទទួលបានផ្លែផ្កា ដែលនឹកស្មានមិនដល់។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងបែបនេះ ខណៈសម្តេចបានអនុញ្ញាតឲ្យលោក បាត វើបៃរែន ប្រធានបេសកកម្ម ICRC ជួបសវនាការ និងសម្ដែងការគួរសម នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ នៅការិយាល័យសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត នាទីស្នាក់ការកណ្តាលកាកបាទក្រហម។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណ ដោយជំនួសមុខ ឲ្យមន្រ្តីកាកបាទក្រហមកម្ពុជា ក៏ដូចជាប្រជាជន ក៏សូមថ្លែងអំណរគុណ ចំពោះកិច្ចសហប្រតិបត្តិការ ពិសេសអរគុណចំពោះការជួយរបស់ ICRC ដែលជួយ ផ្នែកបច្ចេកទេស និងថវិកាផងដែរ។ លើសពីនេះ ចាប់តាំងពីឆ្នាំ១៩៧៩ បានចូលរួមចំណែកកសាង និងស្តារដល់ដំណើរការអភិវឌ្ឍន៍ ក្នុងប្រទេសកម្ពុជា ហើយនៅក្នុងនោះដែរ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានសម្តែង ការលើកទឹកចិត្តបន្តឲ្យខាង ICRC  សហប្រតិបត្តិការ និងបង្កើនភាពរលូនតទៅមុខទៀត។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតថ្លែងបន្ដថា «ខ្ញុំសង្ឃឹមថា ទាំងមន្រ្តីកាកបាទក្រហម និងមន្រ្តី ICRC នឹងបន្តជួយគ្នាសហការជាមួយគ្នាទៅមុខ ឲ្យកាន់តែរលូន ក្នុងការជួយប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ហើយសម្រាប់ភាគី ICRC ដែលបានផ្តល់ការជួយ ខាងប្រឹក្សាយោបល់ ផ្នែកថវិកា ជួយដល់កាកបាទក្រហមកម្ពុជា យ៉ាងពេញទំហឹង ជារៀងរាល់ឆ្នាំ ភាគី ICRC បានចូលរួមចំណែកជួយផ្នែកមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា»

លោក បាត វើបៃរែន ប្រធានបេសកកម្ម គណៈកម្មាធិការអន្ដរជាតិ កាកបាទក្រហម (ICRC) បានសម្តែងការអរគុណយ៉ាងកក់ក្តៅ ចំពោះជំនួបនាពេលនេះ ហើយលោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង កាកបាទក្រហមកម្ពុជា និង ICRC នៅតែបន្តជានិច្ចមិនថាពេលនេះ ឬទៅថ្ងៃអនាគត ។ លោកប្រធាន ក៏បានសម្តែងការពេញចិត្តចំពោះ កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក្នុងអំឡុងបេសកកម្ម ហើយលោក សន្យាថា នឹងរក្សាអនុស្សាវរីយ៍ដ៏ល្អនេះ ជារៀងរហូត លើបេសកកម្មល្អៗជាមួយកាកបាទក្រហមកម្ពុជា ។

សម្តេចប្រធានកាកបាទក្រហមកម្ពុជា បានគូសបញ្ជាក់ថា នៅពេលដែលកាកបាទក្រហមកម្ពុជា ត្រូវការជំនួយគ្រោះមហន្តរាយនានា ខាង ICRC តែងមានវត្តមានជួយពិភាក្សា និងផ្លាស់ប្តូរយោបល់ឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យការងារទទួលបានប្រសិទ្ធភាពទាំងអស់គ្នា ដើម្បីជួយដល់ប្រជាជន ហើយកាកបាទក្រហម បានបំពេញការងារ និងប្រើប្រាស់ថវិកា ដោយមានតម្លាភាព នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា ដែលមានតម្រូវការចាំបាច់។

ជានិច្ចកាលកាកបាទក្រហមកម្ពុជា បានជិះអណ្តូងជាង២ពាន់អណ្តូង និងសាងសង់ផ្ទះ ជាច្រើនខ្នងទៀត ពិសេសនៅខេត្តប៉ៃលិន សកម្មភាពការងារដ៏ល្អនេះ បានកើតឡើងពីការជឿទុកចិត្ត និងការប្រើប្រាស់ថវិកា ប្រកបដោយប្រសិទ្ធភាព ពីសប្បុរសជនក្នុង និងក្រៅប្រទេស ដែលបានចូលរួម។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  បានគូសបញ្ជាក់ទៀតថា សាខាកាកបាទក្រហមកម្ពុជា មាននៅទូទាំង២៥រាជធានី ខេត្ត នៅតាមថ្នាក់ឃុំ សង្កាត់ នឹងបានចូលរួមឆ្លើយតប ជាមួយប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ស្ទើរគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈទាំងអស់៕