(ត្បូងឃ្មុំ)៖ រដ្ឋបាលព្រៃឈើ ខេត្តត្បូងឃ្មុំ សហការជាមួយកម្លាំងអាវុធហត្ថ បានបង្ក្រាបករណីបទល្មើសព្រៃឈើ ដែលឈ្មួញដឹកយកទៅលាក់ទុក បំរុងនឹងដឹកឆ្លងដែនទៅកាន់ប្រទេសវៀតណាម ដោយរឹបអូសបានឈើប្រភេទលេខ១ សុក្រមចំនួន២០ដុំ និងជន្លង់ម្រេចជាង២០០ដើម។
ការបង្ក្រាបបទល្មើសព្រៃឈើនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅដីចំការ កូនស្វាយចន្ទីមួយកន្លែង តាមច្រករបៀង ក្នុងភូមិថ្មតាដោក ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅក្បែរច្រកព្រំដែនទន្លេចាម។
មន្ត្រីរដ្ឋបាលព្រៃឈើបានលួចបង្ហើបឲ្យដឹងថា ការបង្ក្រាបនេះ បន្ទាប់ពីមានភ្នាក់ងារសម្ងាត់ បានរាយការណ៍ មកសមត្ថកិច្ចទាន់ពេលវេលា ក៏ធ្វើការរឹបអូសបានតែម្ដង ហើយជនប្រព្រឹត្តបទល្មើសព្រៃឈើនេះ ត្រូវបានគេដឹងថា ឈ្មោះ ជាតិ រស់នៅក្នុងឃុំក្ដុរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បច្ចុប្បន្នឈើដែលរឹមអូសបានទាំងនោះ ត្រូវសមត្ថកិច្ចបានយកមករក្សាទុក និងធ្វើការវាស់វែង ដើម្បីចាត់ការទៅតាមនីតិវិធី៕