(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានសំណូមពរ ដល់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធក្នុងឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស បន្តជម្រុញកិច្ចការងារថែរក្សាស្ថិរភាពសណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមក្នុងមូលដ្ឋានឲ្យបានរឹងមាំ ដោយអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពឲ្យបានកាន់តែ ខ្លាំងក្លា ជាពិសេសលុបបំបាត់ឲ្យអស់ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង និងចោរកម្មដើម្បីធានាការរស់នៅដ៏សុខសាន្ត របស់ប្រជាជន។
លោក យឹម ណុលឡា បានបន្តទៀតថា គោលបំណងជាចម្បងរបស់គណបក្សប្រជាជនកម្ពុជា គឺធ្វើឲ្យប្រជាជនមានជីវភាពកាន់តែ រីកចម្រើន ល្អប្រសើរជាលំដាប់។ ជាក់ស្តែងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងឆ្នាំ២០១៦នេះ នៅតែសម្រេចបានក្នុងអត្រា៧%។ ចំណូលប្រចាំឆ្នាំរបស់ប្រជាជនកម្ពុជា កើនឡើងពី១០៤២ដុល្លារអាមេរិក នៅឆ្នាំ២០១៣ រហូតដល់ ១,៣៣២ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៦។
អត្រាក្រីក្របានធ្លាក់ចុះពី ៥៣,៥% នៅក្នុងឆ្នាំ២០០៤ ដល់ប្រមាណ១៣,៥% នៅក្នុងឆ្នាំ២០១៤។ នៅឆ្នាំ២០១៧នេះ កម្ពុជាបាន ចាកចេញ ពីចំណាត់ថ្នាក់ប្រទេសមានប្រាក់ចំណូលកម្រិតទាបទៅជាប្រទេសមាន ប្រាក់ចំណូលមធ្យមកម្រិតទាប។ ហើយនឹងសម្រេច ឲ្យបាននូវគោលដៅជាតិដែលមានបំណងប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
លោក យឹម ណុលឡា ថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសន្និបាតបូកសរុបការងាររយៈពេល ៥ឆ្នាំ (២០១២-២០១៧) និងទិសដៅភារកិច្ចបន្តឆ្នាំ២០១៧-២០២២ របស់គណៈកម្មាធិការគណបក្ស និងក្រុមប្រឹក្សាឃុំតាំងយ៉ាប នាសប្តាហ៍កន្លងទៅនេះ ដោយមានការចូលរួមពី លោក ស៊ូ ភិរិន្ទ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តតាកែវ និងជាប្រធានក្រុមសេនាធិការ នៃក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ លោក កែវ រ៉េមី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស លោក ជីវ សុងហាក់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំតាំងយ៉ាប និងក្រុមការងារថ្នាក់ស្រុក ថ្នាក់ខេត្តផងដែរ។
លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានដាស់តឿន ក្រើនរំលឹកទៅដល់គណៈកម្មាធិការបក្សឃុំ ក្រុមប្រឹក្សាឃុំតាំងយ៉ាបព្រមទាំង កងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវបន្តបម្រើប្រជាជនឲ្យអស់ពីចិត្តពីថ្លើម។ ត្រូវក្តាប់ជាប់នូវពាក្យស្លោក «ឆ្លុះកញ្ចក់ ងូតទឹក ដុលក្អែល និងព្យាបាល» និងបានលើកឡើងនូវសាររំលឹករបស់សម្តេចតេជោ ហ៊ុន សែន នៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលើកទី៤០ អាណត្តិទី៥ ថា៖ «ភាពក្រអឺតក្រទមរបស់មន្រ្តីរាជការ គឺជាបណ្តាសាររបស់ប្រជាជន»៕