(វៀងច័ន្ទ)៖ មន្ត្រីនៃគណៈកម្មាធិការជាតិទន្លេមេគង្គ និងអាជ្ញាធរជលផល របស់ប្រទេសកម្ពុជា និងឡាវនឹងពង្រឹងសហប្រតិត្តិការ ឆ្លងដែន ដើម្បីគ្រប់គ្រងជលផល នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់នៃប្រទេសទំាងពីរ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ គណៈកម្មការទន្លេមេគង្គ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ។
ការប្តេជ្ញានេះ ធ្វើឡើងក្នុងដំណើរទស្សនកិច្ចរួមគ្នាមួយ ដែលរៀបចំឡើង កាលពីពេលថ្មីៗនេះ ទៅកាន់ទន្លេមេគង្គ និងសេគង្គ។ ទន្លេទំាងពីរនេះ បានភ្ជាប់ខេត្ត ចំប៉ាសាក់ និង អាតាពឺ របស់ឡាវ ជាមួយនឹងខេត្ត ស្ទឹងត្រែង និងក្រចេះ របស់កម្ពុជា។
លោក វ៉ាត់ បុត្តកុសល អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានលើកឡើងថា «យើងមានបញ្ហា និងក្តីកង្វល់ដូចគ្នា ក្នុងការគ្រប់គ្រងជលផល ដែលកំពុងរងការគំរាមគំហែង ដោយសារសកម្មភាពរបស់មនុស្សនិងការអភិវឌ្ឍន៏ ហេដ្ឋារចនាសម្ព័ន្ធ។ ដូច្នេះ ការពង្រឹងកិច្ចសហការ សំខាន់ណាស់សម្រាប់ប្រទេស ទំាងពីរដើម្បីរួមគ្នាដោះស្រាយបញ្ហា ប្រកបដោយប្រសិទ្ធិភាព»។
ក្នុងអំឡុងពេលដំណើរ ទស្សនកិច្ចរួមគ្នាជាលើកទី១ កាលពីដំណាច់ឆ្នាំឆ្នាំ២០១៦ ដែលត្រូវបានរៀបចំក្រោមគម្រោងគ្រប់គ្រង ជលផលនៅទន្លេមេគង្គ និងសេគង្គ របស់គណៈកម្មការទន្លេមេគង្គហៅកាត់ថា MRC មន្ត្រីនៃប្រទេសទំាងពីរបានទៅមើលតំបន់ អភិរក្សត្រីនៅខេត្ត អាតាពឺ និង សហគមន៏នេសាទ នៅខេត្តស្ទឹងត្រែង ។ ពួកគេបានរៀនសូត្រពីគ្នាទៅវិញទៅមកពីរបៀបគ្រប់គ្រង ជលផល របស់សហគមន៏។ ទន្ទឹមនឹងនោះ ភាគីទំាងពីរ ក៏បានពិនិត្យឡើងវិញនូវបញ្ហាប្រឈមនៅទន្លេមេគង្គ និងសេគង្គ សម្រាប់រៀបចំជារបាយការណ៏ពិស្តារមួយ ដែលជាជំហ៊ានឆ្ពោះទៅរកការបង្កើត ផែនការគ្រប់គ្រងជលផលរួមគ្នា។
សូមបញ្ជាក់ថា ទន្លេសេគង្គ ហូរពីប្រទេសវៀតណាម កាត់ប្រទេសឡាវ មុននឹងហូរ ចូលប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយទន្លេមេគង្គ។ ទន្លេទំាងពីរនេះ ជាប្រភពធនធានធម្មជាតិ ដែលប្រជាជនកម្ពុជា និងឡាវ រាប់លាននាក់អាស្រ័យផល សម្រាប់ការរស់នៅ។ ក៏ប៉ុន្តែ ប្រព័ន្ធអេកូឡូស៊ីនៃទន្លេទំាងពីរ កំពុងរងការគំរាមគំហែង ពីការកើនឡើងនៃសកម្មភាពនេសាទ ការនេសាទខុសច្បាប់ គ្រោះទឹកជំនន់ និងរំាងស្ងួត និងការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ព័ន្ធ រួមទំាងទំនប់វារីអគ្គិសនីផងដែរ។
បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែង របស់ប្រទេសទំាងពីរ គម្រោងគ្រប់គ្រងជលផលនៅទន្លេមេគង្គ និងសេគង្គកំពុងជួយរដ្ឋាភិបាល កម្ពុជានិងឡាវ ដើម្បីធ្វើឲ្យប្រសើរឡើងនូវជលផល និងអភិរក្សជីវៈចម្រុះ តាមរយៈ កិច្ចពិភាក្សា សហប្រតិបត្តិការឆ្លងដែន និងការអនុវត្តរួមគ្នា។ គម្រោងនេះស្ថិតក្នុងចំណោម គម្រោងទ្វេភាគីចំនួន៥ ដែលផ្តល់មូលនិធិដោយធនាគារពិភពលោក ក្រោមជំនួយបច្ចេកទេសពី MRC។
លោក អាន ពេជ្រហត្តដា នាយកផ្នែកផែនការ របស់ MRC បានលើកឡើងថា «គម្រោងនេះ រឹតចំណងសហការរវាងកម្ពុជា និងឡាវ។ យើងសង្ឃឹមថា វានឹងនាំមកនូវសកម្មភាពរួម និងសហប្រតិបត្តិការដ៏ទូលំទូលាយ ដែលអនុញ្ញាតិ អោយប្រទេសទំាងពីរធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងធនធានធម្មជាតិរបសពួកគេ»។
តាមរយៈគម្រោងនេះ អ្នកជំនាញផ្នែកជលផល មកពីប្រទេសទំាងពីរ បានកំណត់បញ្ហាចម្បងៗដែលពួកគេនឹងដោះស្រាយរួមគ្នា ដោយរួមបញ្ចូលទំាង ការនេសាទ ដែលគ្មាននិរន្តរភាព កង្វះការអនុវត្តច្បាប់ជលផល និងការបាត់បង់ជម្រកត្រីជាដើម។ ពូជត្រីចំនួន ៥ប្រភេទ ដែលរមែងធ្វើដំណើរឆ្ងាយពីទីជម្រក ត្រូវបានកំណត់ សម្រាប់ការត្រួតពិនិត្យ។ បន្ថែមពីលើនោះ ក្រុមទំាងពីរក៏បាន ព្រមព្រៀងប្រើប្រាស់វិធីសាស្ត្រតាមដាន និងត្រួតពិនិត្យត្រី ដែលបង្កើតឡើងដោយ MRC ផងដែរ។
ប្រទេសទំាងពីរនឹងចាប់ផ្តើម សកម្មភាពត្រួតពិនិត្យ និងបណ្តុះបណ្តាលក្រុមអ្នកនេសាទ អំពីការចងក្រងសកម្មភាពនេសាទ ឧបករណ៏នេសាទ និងកំណត់ជម្រកត្រី។ លទ្ធផលដ៏ចម្បងមួយទៀតនោះ គឺ កម្ពុជា និងឡាវ បានព្រមព្រៀងបង្កើតស្ថាប័នគ្រប់គ្រង ជលផលរួមគ្នាមួយ នៅដំណាច់ឆ្នាំ ២០១៨។ ពួកគេនឹងចាប់ផ្តើមពិភាក្សា ពីហេដ្ឋារចនាសម្ព័ន្ធនៃស្ថាប័ននេះ បញ្ហាហរិញ្ញវត្ថុ និងស្វែង យល់ពីតម្រូវការរបស់ដៃគូពាក់ព័ន្ធ ដើម្បីធានាបាននូវភាពជោគជ័យ ក្នុងការបង្កើត និងការអនុវត្តផែនការការពារជលផលរួមគ្នា។
លោក Viengsay Sophachan អ្នកសម្របសម្រួលថ្នាក់ជាតិ នៃគណៈកម្មាធិការទន្លេមេគង្គឡាវ ជឿជាក់ថា កិច្ចសហការនេះ នឹងជួយឲ្យធនធានមច្ឆាជាតិរបស់ ប្រទេសទំាងពីរមាននិរន្តរភាព៕