(ឧត្តរមានជ័យ)៖ នាយប់រំលង់អាធ្រាត្រឈានថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងម៉ូតូបុក និងគោយន្តកន្ត្រៃយ៍ បណ្ដាយឲ្យមនុស្សម្នាក់បានស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូលឿនក្នុងស្ថានភាពផ្លូវងងឹត ទៅបុកពីក្រោយគោយន្តកន្ត្រៃ នៅចំនុចផ្លូវលំមួយ ស្ថិតនៅក្នុងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា អ្នកបើកម៉ូតូឈ្មោះ ទួន រ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ បណ្តាលស្លាប់នៅកន្លែងកើតហេតុ បើកបរម៉ូតូ ម៉ាក់ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ និងអ្នករួមដំណើ២នាក់ ទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីជួយសង្គ្រោះ ដោយមិនទាន់ដឹងពីអត្តសញ្ញាណ ហើយអ្នកទាំង៣នាក់ បច្ចុប្បន្ន រស់នៅភូមិ សំបួរ សង្កាត់បន្សាយរាក់ ក្រុងសំរោង ចំណែកអ្នកបើកបរគោយន្តបានបើកគេចខ្លួនបាត់ ។
បច្ចុប្បន្ននេះសមត្ថកិច្ចបានយកម៉ូតូ និងគោយន្តកន្ត្រៃយ៍យកទៅរក្សាទុក នៅអធិករដ្ឋាននគរបាលក្រុងសំរោង រង់ចាំការដោះស្រាយគ្នាតាមនិតិវិធីច្បាប់ ៕