(បាត់ដំបង)៖ គ្រាប់បែកដៃផលិតនៅសហរដ្ឋអាមេរិក នៅប្រើការបានចំនួន២កេស ត្រូវបានកម្មករបើកត្រាក់ទ័រ ឈូសឆាយរំលាយដីដំបូកដើម្បីធ្វើដីចំការប្រទះឃើញកាលពីព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ហើយក៏ បានទូរស័ព្ទប្រាប់ទៅមន្ត្រីកងរាជអាវុធហត្ថស្រុកគាស់ក្រឡ ចុះទៅធ្វើការត្រួតពិនិត្យ និងយកទៅរក្សាទុកដើម្បី ប្រគល់អោយទៅខាងអង្គការសុីម៉ាកយកទៅកំទេចចោល។
តាមលោកវរសេនីយ៍ត្រីផាន ថាមេបញ្ជាការកងរាជអាវុធហត្ថស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ដែលបានដឹកនាំ កម្លាំងចុះទៅធ្វើការត្រួតពិនិត្យ ដល់កន្លែងប្រទះឃើញ កេះគ្រាប់បែកនៅចំណុចទួលខ្មែរក្រហម ស្ថិតក្នុងភូមិគាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ គឺរកឃើញកេសចំនួន០២ និងមានគ្រាប់បែក ចំនួន១២គ្រាប់ជាប្រភេទគ្រាប់បែកផលិត នៅសហរដ្ឋអាមេរិក ហើយគ្រាប់បែកដែលរកឃើញនេះ គឺនៅអាចប្រើការបាន ៧០ភាគរយ។
ការប្រទះឃើញនេះគឺបន្ទាប់ពីឈ្មោះមាស ចាន់ទី ភេទប្រុស អាយុ២២ឆ្នាំ មានមុខរបរជាអ្នកបើកបរអេស្កាមានទីលំ នៅភូមិព្រែកលួង ឃុំព្រែកលួង ស្រុកឯកភ្នំធ្វើការឈូសឆាយរុញដី និងកាយដំបូកមួយកន្លែងនៅចំណុចខាងលើ ក៏លេចចេញកេសនេះមកតែម្ដង។
បច្ចុប្បន្នគ្រាប់បែកទាំង១២គ្រាប់ រក្សាទុកនៅមូលដ្ឋាន អ.ហ ស្រុករងចាំអង្គភាពស៊ីម៉ាក់ មកទទួលយកទៅរក្សាទុក៕