(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា ដែលមានលោក កែវ រតនៈ ជាអគ្គនាយក បានចេញលិខិតទារលុយថ្លៃប្រើប្រាស់ថាមពលអគ្គិសនី ពីស្នងការដ្ឋាននគរបាល និង ពន្ធនាគារខេត្តព្រៃវែង ដែលបានជំពាក់សរុបជាង ៨០លានរៀល។
យោងតាមលិខិតស្នើសុំទូទាត់ថ្លៃប្រើប្រាស់ថាមពលអគ្គិសនី របស់អគ្គិសនីកម្ពុជា ដាក់ជូនស្នងការនគរបាលខេត្តព្រៃវែង និង ប្រធានពន្ធនាគារ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ដែលអង្គភាពព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជំពាក់ថ្លៃប្រើប្រាស់ថាមពលសរុប ៥១,៥៤៥,៩៨២រៀល ហើយពន្ធនាគារខេត្តព្រៃវែង ជំពាក់ ៣៧,២១១,៨៥០រៀល។
ក្នុងលិខិតស្នើសុំទូទាត់ថ្លៃប្រើប្រាស់ថាមពលនេះ អគ្គិសនីខេត្តព្រៃវែង បានបញ្ជាក់ទៀតថា ប្រសិនបើស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងខាងពន្ធនាគារមិនទូទាត់ថ្លៃប្រើប្រាស់ថាមពល ដែលជំពាក់ទេ ឬ ក៏ពុំមានដំណោះស្រាយណាមួយ ដែលអាចទទួលយកបាន ខាងអគ្គិសនីនឹងផ្អាកការផ្គត់ផ្គង់អគ្គិសនី ជាបណ្តោះអាសន្ន។
ដើម្បីលុបបំបាត់វប្បធម៌ប្រើភ្លើងមិនបង់ប្រាក់នេះ កាលពីខែសីហា ឆ្នាំ២០១០ រាជរដ្ឋាភិបាល បានណែនាំឲ្យអគ្គិសនីកម្ពុជា តាមដាន និងត្រួតពិនិត្យបំណុលជាប្រចាំ ហើយមិនអនុញ្ញាតឲ្យអង្គភាពណាជំពាក់ការទូទាត់លើសពី ៣ខែនោះឡើយ៕