(ភ្នំពេញ)៖ លោកស្រី អ៊ុក ដារ៉ា ដែលជាមន្រ្តីរាជការយូរឆ្នាំមួយរូប ធ្លាប់បានដាក់ពាក្យប្តឹងម្តងរួចមកហើយ កាលពីអំឡុងឆ្នាំ២០១៥ ទៅលើម្ចាស់ Account Facebook «Sam Phos Zuzu» គឺអ្នកស្រី ហំ សម្ផស្ស ដោយធ្វើការចោទប្រកាន់ពីបទ «ធ្វើឲ្យខូចខាត ដោយចេតនា និងជេរប្រមាថជាសាធារណៈ» ប៉ុន្តែពេលនោះតុលាការមិនទាន់ចាត់ការផង ស្រាប់តែស្រ្តីរូបនេះបានគេចទៅ ប្រទេសកូរ៉េបាត់ ដោយធ្វើជាពលករនៅទីនោះ។
ដោយឡែកនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ ពាក្យប្តឹងទី២របស់លោកស្រី អ៊ុក ដារ៉ា ត្រូវបានដាក់ជូនក្រសួងមហាផ្ទៃជាផ្លូវការ ដោយចោទប្រកាន់ពីបទ «បរិហាកេរ្តិ៍ និងជេរប្រមាថ»។
សូមបញ្ជាក់ថា កាលពីម្សិលមិញ លោកស្រី អ៊ុក ដារ៉ា បានចេញមកច្រានចោលទាំងស្រុង ចំពោះការបង្ខូចកេរ្តិ៍និងនិយាយបំភ្លើស ការពិតពីសំណាក់ស្រ្តីឈ្មោះ ហំ សម្ផស្ស ដោយចោទលោកស្រីថា បានធ្វើផ្ទះ ហើយដាក់សម្ភារសំណង់នៅលើផ្លូវចេញចូល មិនអាចធ្វើដំណើរបាន ពីព្រោះផ្ទះរបស់លោកស្រីនៅពីមុខផ្ទះស្រ្តីរូបនោះ។
ជាមួយគ្នានេះស្រ្តីរូបនេះ ក៏បានជេរប្រមាថលោកស្រីថា ជាស្រីជើងកាង ជាស្រីយួនទៀតផង។
លោកស្រី អ៊ុក ដារ៉ា ដែលមានលំនៅដ្ឋាននៅតាមផ្លូវលេខ៥៥៤ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក បានថ្លែងថា ផ្ទះរបស់លោកស្រី ពីមុនចាស់ទ្រុឌទ្រោម ដូច្នេះហើយគឺតម្រូវឲ្យរុះរើធ្វើថ្មី។ មុនដំណើរការសាងសង់ លោកស្រីបានសុំច្បាប់ត្រឹមត្រូវ ពីសាលាខណ្ឌ រហូតដល់សាលារាជធានីភ្នំពេញអស់ហើយដែរ។
លោកស្រីបានបញ្ជាក់ថា «មុនដាក់សម្ភារសំណង់ ខ្ញុំក៏បានប្រាប់ដែរ ពីព្រោះផ្លូវច្រកចេញចូលទាំងអស់គ្នា ហើយអាចទៅមកបាន ធម្មតា បញ្ហា គឺគេមានចេតនា បង្ខូចកេរ្តិ៍ បរិហារ ជេរប្រមាថ តាមបណ្តាញសង្គមតែប៉ុណ្ណោះ»។
លោកស្រី អ៊ុក ដារ៉ា បានបញ្ជាក់ទៀតថា ក្នុងនាមលោកស្រីជាមន្រ្តីរាជការម្នាក់ផងនោះ លោកស្រីតែងតែធ្វើទៅតាមច្បាប់ ហើយចំពោះ បញ្ហានេះ គឺផ្តើមចេញមកពីស្រី្តខាងលើចង់ចាប់បង្ខំឲ្យទិញផ្ទះរបស់ខ្លួន ដែលមានតម្លៃខ្លាំង ហួសពីទីផ្សាត ដែលលោកស្រីមិនអាចទិញបាន។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅក្បែរផ្ទះឈ្មោះ ហំ សម្ផស្ស បាននិយាយថា ស្រ្តីរូបនេះធ្លាប់ជាពលករខ្មែរនៅប្រទេសកូរ៉េ ហើយទើបតែ ត្រឡប់មកកម្ពុជា នាពេលថ្មីៗនេះ និងបច្ចុប្បន្នបម្រើការងារនៅក្រុមហ៊ុនលក់ផ្ទះមួយកន្លែង ដែលមានប្តីឈ្មោះ មួង សំអាង ធ្វើជាគ្រូបង្រៀន។
យ៉ាងណាក៏ដោយ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ អង្គភាព Fresh News មិនទាន់អាចសុំការបកស្រាយពីអ្នកស្រី ហំ សម្ផស្ស បាននៅឡើយទេ ចំពោះការលើកឡើងរបស់លោកស្រីអ៊ុក ដារ៉ា៕