Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងនគរបាលជាច្រើននាក់ឡោមព័ទ្ធ បង្ក្រាបបានមេជួញដូរគ្រឿងញៀន ជនជាតិម៉ាឡេស៊ី នៅខណ្ឌ៧មករា, ជនសង្ស័យបានសុំសញ្ជាតិខ្មែរដាក់ឈ្មោះថា​ «ប៊ុន កឺយ»

23-01-2017 11:22

(​ភ្នំពេញ)៖ កម្លាំង​នគរបាលខណ្ឌ៧មករាជាច្រើននាក់ ក្រោមការសម្របសម្រួលពីលោក តុប ឈុនឡុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការចុះបង្ក្រាប និងឆែកឆេរ​នៅ​ក្នុង​អា​ផាត់​មែន​មួយ​​យីហោ ​«​សុខា​វីឡា​» បន្ទប់លេខ៦០១ ​​តាម​បណ្តោយ​ផ្លូវ​លេខ១៥៦ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ជាលទ្ធផល ចាប់បានមេក្លោងជួញដូរគ្រឿងញៀនម្នាក់ ជាជាតិម៉ាឡេស៊ី និងមានសញ្ជាតិខ្មែរឈ្មោះថា «ប៊ុន កឺយ»។

មេក្លោងគ្រឿងញៀនដែលត្រូវសមត្ថកិច្ចប្រាប់ថា ជាកូនអ្នកមានទ្រព្យម្នាក់នៅប្រទេសម៉ាឡេស៊ីនោះ ត្រូវបាននគរបាលខណ្ឌ៧មករា ចាប់បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ ដើម្បីបន្តការសួរនាំ និងចាត់ការបន្តទៀត។

មន្រ្តីនគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ LAI HAN SIONG អាយុ៣៥ឆ្នាំ។ ក្រោយការឃាត់ ខ្លួនកម្លាំងនគរបាល បានឆែកឆេររកឃើញវត្ថុតាងមានថ្នាំញៀន១កញ្ចប់។ ក្រៅពីនេះសុទ្ធតែជាសម្ភារប្រើប្រាស់ផ្នែកកីឡា។

ទាក់ទិនករណីខាងលើនេះ បើតាមនគរបាលខណ្ឌ៧មករា តាមព័ត៌មានដំបូងផ្តល់ទៅកម្លាំងជំនាញថា ជនជាតិម៉ាឡេស៊ីម្នាក់នោះ ជាមុខសញ្ញាជួញដូរគ្រឿងញៀន ក្នុងទ្រង់ទ្រាយធំមួយ។ ដូច្នោះហើយបានជានគរបាលខណ្ឌ៧មករា ប្រើប្រាស់កម្លាំងជាច្រើននាក់ ចុះទៅបង្ក្រាប ដើម្បីក្រសោប និងចាប់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុងតាង។

ទីបំផុតពេលកម្លាំងនគរបាលសម្រុកចូលដល់ក្នុងបន្ទប់ មានជនជាតិម៉ាឡេស៊ីម្នាក់ ត្រូវបានចាប់វាយខ្នោះដៃទៅក្រោយ និងរើកកាយរកឃើញថ្នាំញៀន១កញ្ចប់ប៉ុណ្ណោះ។

ទោះជាយ៉ាងនេះក្តី កម្លាំងនគរបាលនៅតែដាក់ការសង្ស័យថា ជនជនល្មើសអាចចាក់ថ្នាំញៀន ចូលក្នុងចានបង្គន់ ឬតាមផ្លូវងងឹតណាមួយនៅពេល កម្លាំងសមត្តកិច្ចគោះទ្វារមុនចូលចាប់ខ្លួន៕