(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ រដ្ឋសភាបានសម្រេចបើក កិច្ចប្រជុំវិសាមញ្ញមួយ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ ដើម្បីពិភាក្សាអំពីការធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង មាត្រា៤៨ថ្មី (បី) បទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ នេះបើតាមការអះអាងរបស់ លោក ឈាង វុន ប្រធានគណៈកម្មការឃោសនា និងកិច្ចការបរទេសរបស់ រដ្ឋសភា។
សូមបញ្ជាក់ថា សំណើសុំធ្វើវិសោធនកម្មនេះ ត្រូវបានចុះហត្ថលេខាដោយ ក្រុមតំណាងរាស្រ្តចំនួន៥៥រូប កាលពីសប្តាហ៍មុន ក្នុងគោលបំណងរំលាយចំណុចដែលចែងអំពី ក្រុមមតិភាគតិច និងភាគច្រើន បន្ទាប់ពីមានការប្រកាសដោយ សម្តេចតេជោ ហ៊ុន សែន ឱ្យមានការធ្វើវិសោធនកម្មលើមាត្រា៤៨ថ្មី (បី) នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានេះឡើងវិញ ព្រោះពិបាកក្នុងការធ្វើការរួមទាំង មានប៉ុនប៉ងចរចាដោះលែងអ្នកទោស ដែលបំពានដល់អំណាចតុលាការជាដើម។
ដោយសារតែមានសំណើសុំធ្វើវិសោធនកម្ម លើបទបញ្ជាផ្ទៃក្នុងនៅរដ្ឋសភា ត្រង់មាត្រា៤៨ថ្មី (បី) ដែលចែងអំពីប្រធានក្រុម មតិភាគតិច និងភាគច្រើននៅរដ្ឋសភានេះហើយ ទើបបានប្រធានថ្នាក់ដឹកនាំ តំណាងរាស្រ្តគណបក្សទាំងពីរ បានសម្រេច លើកពេលជួបគ្នា តាមសំណើរបស់សម្តេចក្រឡាហោម ស ខេង៕